ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកប្រេងឥន្ធនៈ 32,000L អស់កម្លាំងឡេីងចំណោតលោកយាយម៉ៅមិនរួច​ សុំថយក្រោយចូលព្រៃ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ នៅព្រឹក​ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥​  មានករណីរថយន្តដឹកប្រេង​ឡើងចំណោតមិនរួចក៏បានរអិលថយក្រោយលើផ្លូវជាតិលេខ៤ ចំណោតលោកយាយម៉ៅពេជ្រ​និល​ ចន្លោះគីឡូម៉ែត្រ​លេខ១០២-​១០៣ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ 

តាមការបញ្ជាក់​ពី​លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត អធិកា​រ​នគរបាល​ស្រុក​ភ្នំស្រួច​ឱ្យដឹងថា​ មានករណីរថយន្តដឹកប្រេងឥន្ធនៈ១គ្រឿង ម៉ាកហ៊ីយ៉ា​ន់ដាយ​ ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ3G-9568  សណ្តោសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ​ភ្នំពេញ4B-7338 បើកបរដោយឈ្មោះ​ ម៉ី ចន្ថន ភេទប្រុស​ អាយុ​៤០ឆ្នាំ រស់នៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ត​ស្វាយរៀង (រថយន្ត​ ផ្ទុកប្រេងឥន្ធនៈ​ប្រភេទ​សាំង​ ចំ​ណុះ​ ៣២, ០០០លីត្រ) ជួបបញ្ហា​បច្ចេកទេស​នៅចំណុ​ចឡេីងចំណោតលោកយាយម៉ៅ។ 

រថយន្ដបើកបរ​មកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំ​ណុ​ចឡើងចំណោត​លោកយាយ​ម៉ៅពេជ្រនិល​ រថយន្ត​អស់កម្លាំង​ឡេីង​មិនរួច​ បានរអិលថ​យក្រោយធ្លាក់ផ្លូវ​បណ្ដាលឲ្យ​ខូច​ខាតរថយន្តស្រា​ល​  សំណាងល្អ​ពុំមានមនុស្សណាម្នាក់បានរងរបួសឡេី​យ​ ។ 

ក្រោយកើតហេតុ កម្លាំង​នគរបាល​ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​ និងកម្លាំង​នគរបាល​ចរាចរណ៍​ បានជួ​យ សម្របសម្រួល​ចរាចរណ៍នៅគោលដៅកេីតហេតុ។ ដូច្នេះសូមបងប្អូន​ពលរដ្ឋ​អ្នកធ្វើ​ដំណើរ​មេត្ដាជ្រាប​ ៕

ដោយ៖ សូរិយា


ចែករំលែក៖