ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោសចំនួន ៤ករណី ក្រោមការចូលរួមពីជនសង្ស័យ ២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបង្ក្រាបដោយជោគជ័យលើជនសង្ស័យចំនួន ០២នាក់ ដែលពាក់ព័ន្ធនឹងអំពើលួច រួមមានករណីកាច់បំបែកសោ កលួចម៉ូតូ និងឆក់ទូរស័ព្ទចំនួន ០៤ករណី ។ 

អត្តសញ្ញាណជនសង្ស័យ ៖

១. សុង ធីន ភេទប្រុស កើតឆ្នាំ១៩៨៤  មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តពោធិ៍សាត់

២. មាស គឹមហួ ភេទប្រុស កើតឆ្នាំ១៩៩៤ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តពោធិ៍សាត់

ពួកគេបានសារភាពថា បានប្រព្រឹត្តអំពើល្មើសចំនួន ៤ដង ដូចខាងក្រោម៖

• លួចទូរស័ព្ទ ២គ្រឿងម៉ាក iPhone 15 Pro Max ពណ៌ទឹកប្រាក់ ពីហាងផា ប៊ុនហេង

• លួចម៉ូតូម៉ាក SCOOPY ពណ៌ស (2020), ស្លាកលេខ ភ្នំពេញ 1IJ-0508

• លួចម៉ូតូម៉ាក ZOOMER X ពណ៌ស-ក្រហម (2018) ស្លាកលេខ ព្រះសីហនុ 1G-6288

• លួចម៉ូតូម៉ាក SCOOPY ពណ៌ក្រហម (2023) ស្លាកលេខ ស្វាយរៀង 1U-0143

វត្ថុតាងសំខាន់ៗ៖

• ម៉ូតូ ២គ្រឿងដែលបានលួច និងយកមកវិញ

• ផ្លែកាច់សោកចំនួន ៣ សោអក្សរតេ ១ សោម៉ូតូ ២

• ទូរស័ព្ទ ១គ្រឿងម៉ាក REDMI

• ឧបករណ៍កាច់ ១ ទួរណីវីស ១

• អាវក្រៅ ពណ៌ខ្មៅ ១ មួកសុវត្ថិភាព ២ ។ 

វត្ថុតាងដែលបានប្រគល់ជូនម្ចាស់វិញ៖

• ម៉ូតូម៉ាក SCOOPY (2023) ស្លាកលេខ ស្វាយរៀង 1U-0143

• ម៉ូតូម៉ាក SCOOPY (2020) ស្លាកលេខ ភ្នំពេញ 1IJ-0508 (ដោយមានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា) ។

ជនសង្ស័យទាំង២នាក់ និងវត្ថុតាង បានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។ 

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំទុកសម្ភារៈដែលមានតម្លៃនៅកន្លែងដែលងាយរងគ្រោះ និងសូមជួយសហការជាមួយសមត្ថកិច្ច ដើម្បីបង្ការ និងបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាពថែមទៀត ៕

ដោយ៖ សូរិយា


ចែករំលែក៖