ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះជីវិតកុមារជាង១សែននាក់ ក្នុងខែឧសភា​ឆ្នាំនេះ ខណៈកុមារជិត២ម៉ឺននាក់កើតជំងឺកាចសាហាវ

ចែករំលែក៖

ភ្នំពេញ​៖​ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប រយៈពេលពេញ១ខែឧសភា កន្លងទៅ បានដណ្ដើមអាយុជីវិតកុមារកម្ពុជាជាង១០ម៉ឺននាក់ពីមាត់មច្ចុរាជ។ នេះបើតាមតួលេខដែលប្រកាសដោយ មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី០៦ ខែមិថុនា នេះ។

បើតាមតួលេខលម្អិត របស់មន្ទីរពេទ្យគន្ធបុប្ផា គឺពេញ១ខែឧសភា ឆ្នាំ២០២៥ មានកុមារសរុបប្រមាណ ១០១ ៥៧៣ នាក់ បានទទួលសេវាពិនិត្យនិងព្យាបាលដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។ ក្នុងចំណោមកុមារជាង ១០ម៉ឺននាក់នេះ គឺកុមារចំនួន ៨១ ៩៥៩នាក់ បទទួលបានការពិនិត្យ និងព្យាបាលជំងឺក្រៅ, កុមារចំនួន ១៦ ០៤៤នាក់មានជំងឺធ្ងន់ធ្ងរដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ, កុមារកើតជំងឺគ្រុនឈាម ៧៤៥នាក់ និងកុមារវះកាត់ចំនួន ២ ៨២៥នាក់ និងវះកាត់ភ្ជិតបេះដូងប្រហោងពីកំណើតចំនួន ៩៧នាក់។

មន្ទីរពេទ្យគន្ធបុប្ផាអះអាងរថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា ធ្វើឡើងដោយមិនគិតថ្លៃ មិនមានការរើសអើង និងប្រកបដោយវិជ្ជាជីរៈ។

តាំងតែពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវចំណាយថវិកាជាង១២ម៉ឺនដុល្លារក្នុង១ថ្ងៃ ឬក៏៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីធានារក្សានិរន្តភាពមន្ទីរពេទ្យក្នុងការជួយព្យាបាលជំងឺ ដើម្បីពិនិត្យព្យាបាលជំងឺកុមារ និងពិនិត្យលើស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយស្មើភាព គ្មានការរើសអើង។

ដោយមើលឃើញពីតម្រូវការថវិកា សម្រាប់ទ្រទ្រង់និរន្តភាពដំណើរការមន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំ២០២៥ នេះ  លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ដគំនិតផ្ដួចផ្ដើមបើក យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលពេញ១ខែមិថុនា ដើម្បីកៀរគរថវិកាសប្បុរសធម៌ ចូលរួមចំណែកដល់កិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្ដល់ក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

រយៈពេល៥ ថ្ងៃបន្ទាប់ពីយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានប្រកាសបើជាផ្លូវការ ដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិនេះទទួលបានថវិកាបរិច្ចាគពីសប្បុរសជនប្រមាណជាង៣.៥លានដុល្លារ៕

ដោយ​៖ តារា​


ចែករំលែក៖