ភ្នំពេញ ៖ ដោយសារតែថ្នាក់ដឹកនាំ របស់សហព័ន្ធកីឡាវាយកូនហ្គោលចាស់ មានកិច្ចការមមាញឹកខ្លាំងពេករហូតដល់ទុកការងារសហព័ន្ធមួយនេះចោលអស់រយៈពេល១ឆ្នាំពេញបានធ្វើឲ្យសហព័ន្ធនេះអស់សុពលភាព ។ ដូច្នេះហើយទើបគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយអង្គការកីឡាមួយតំណាងឲ្យអង្គការ កីឡាអន្តរជាតិរៀបចំជ្រើសតាំងមេដឹកនាំថ្មីដើម្បីធ្វើការអភិវឌ្ឍ និងដំណើរការឡើង វិញក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធាន NOCC កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នៅទីស្នាក់ការ NOCC ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា NOCC គឺជាអង្គការកីឡាជាតិ ទទួលបន្ទុកទំនាក់ទំនងជាមួយអង្គការ កីឡាអន្តរជាតិ ។ ដោយឡែកកិច្ចការ ក្នុងប្រទេសវិញ NOCC មានតួនាទីបណ្តុះបណ្តាលលើជំនាញរដ្ឋបាលក្នុង១ឆ្នាំចំនួន៤ដង ហើយបើមានជម្លោះសហព័ន្ធកីឡាជាតិណាមួយមានផ្ទៃក្នុងដោះស្រាយមិនចេញនោះ NOCC នឹងដើរតួនាទីជាអាជ្ញា កណ្តាលដើម្បីដោះស្រាយវិវាទនោះ ។
លោកអគ្គលេខាធិការរូបនេះបានបញ្ជាក់ថា បើនិយាយតាមផ្លូវច្បាប់កីឡាសហព័ន្ធកីឡាជាតិណាមួយមិនដំណើរការសកម្មភាពនៃកិច្ចប្រជុំប្រចាំរាល់៣ខែម្តងឬមិន បានប្រជុំប្រចាំឆ្នាំនោះសហព័ន្ធនោះចាត់ ទុកថា អស់សុពលភាពតួយ៉ាងដូចសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជាដែលខកខានធ្វើមហាសន្និបាតរបស់ខ្លួនដើម្បីឲ្យគណៈកម្មាធិការប្រតិបត្តិបោះឆ្នោតបន្តអាណត្តិថ្មី តាំងពីឆ្នាំ២០១៤មកម្លេ៉ះ ដូច្នេះសហព័ន្ធនេះបានអស់សុពលភាពហើយសមាជិកប្រតិបត្តិទាំងអស់ត្រូវរំសាយអស់ទៅហើយ ។ ដើម្បីអាចដំណើរការសហព័ន្ធនេះឡើងវិញឲ្យស្របតាមលក្ខខណ្ឌនិង មានការទទួលស្គាល់ពីអង្គការកីឡាអន្តរជាតិឡើងវិញនោះមានតែធ្វើការជ្រើសតាំងថ្នាក់ដឹកនាំថ្មីប៉ុណ្ណោះ ។
ជាមួយគ្នានោះដែរ លោក វ៉ាត់ ចំរើន បានប្រកាសពីសមាសភាពថ្នាក់ដឹកនាំថ្មី របស់សហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា អាណត្តិទី៣ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ ២០២០ខាងមុខ គឺទី១-លោកឧបនាយក រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារ ជាតិនៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជាដដែល, ទី២-លោក ឯក ស៊ុនចាន់ អនុប្រធាន, ទី៣-លោក ជា បូរ៉ា អគ្គលេខាធិការ, ទី៤-លោក ស៊ឹម ស៊ូយ៉ុង អគ្គលេខាធិការរង, ទី៥-លោក ឆោម សំបូរ អគ្គលេខាធិការរង, ទី៦-លោក ប៉ុន សុជា អគ្គហេរញ្ញិក, ទី៧-លោក នូអេលីដែន សមាជិក, ទី៨-លោកថោង សុខាំមុន្នី សមាជិក និងទី៩-លោក ពៅពេជ្រមេត្តា សមាជិក ។
លោក ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធ កីឡាវាយកូនហ្គោលដែលទើបតែងតាំងថ្មី បានឡើងប្តេជ្ញាចិត្តថានឹងខិតខំប្រមូលផ្តុំសមាជិក ក្លិបនានាឲ្យមកចូលរួមជាមួយសកម្មភាពរបស់សហព័ន្ធឡើងវិញ។
បង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនដងក្នុង១ឆ្នាំ ដើម្បីអភិវឌ្ឍកីឡានេះឆ្ពោះទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ទន្ទឹមនឹងការរៀបចំសមាសភាពថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនហ្គោលថ្មីនេះដែរ លោក ថោង ខុន ក្នុងនាមប្រធាន NOCC បានមានប្រសាសន៍ថាចាប់ពីពេលនេះតទៅ ពិសេសអគ្គលេខាធិការមានតួនាទីសំខាន់ណាស់ក្នុងការរៀបចំឲ្យសហព័ន្ធកីឡាជាតិមួយអាចដំណើរការទៅបានល្អ។ អគ្គលេខា ធិការត្រូវធ្វើយ៉ាងណាខិតខំបង្កើតឡើងនូវកម្មវិធីប្រកួតឲ្យបានច្រើនដងក្នុង១ឆ្នាំ សម្រាប់ជ្រើសរើសយកកីឡាករកីឡាការិនី វ័យក្មេងល្អៗគ្រប់កម្រិតអាយុមកប្រមូលផ្តុំហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះនោះ៕ សារីម