ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខបង្ក្រាបអ្នកញៀនល្បែងអាប៉ោង៩នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដឹកនាំដោយគណៈបញ្ជាការឯកភាពខណ្ឌ ឆ្មក់ចុះបង្ក្រាបទីតាំងល្បែងអាប៉ោង របៀរ ដុះស្លែរទាំងយប់ ជាលទ្ធផល ឃាត់បានមនុស្ស ប្រុស ស្រី ចំនួន ៩នាក់ វត្ថុតាងពាក់ព័ន្ធមួយចំនួន នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ប្រតិបត្តិការណ៍ឆ្មក់ចុះបង្ក្រាបវង់ អាប៉ោង បៀរ ដុះស្លែរ នេះធ្វើឡើង កាលពីវេលាម៉ោង ២១ និង ៣០នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះឈើមួយកន្លែង ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ពីលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ជាលទ្ធផលឃាត់បានមនុស្ស ចំនួន ៩នាក់ ក្នុងនោះ ស្រី ៥នាក់ ដកហូត មេអាប៉ោង ចំនួន ១ បៀរចំនួន ៤ហ៊ូរ ថវិកាមួយចំនួន និង ម៉ូតូធំ ចំនួន ២គ្រឿងផងដែរ ។

សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា ការចុះបង្ក្រាបទីតាំងវង់ ល្បែង អាប៉ោង និងបៀរ ទាំងនេះ បន្ទាប់ ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អ ទើបសមត្ថកិច្ចសុំគោលការណ៍ពីប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ឆ្មក់ចុះបង្ក្រាបទាំងយប់តែម្តង  ដែលនៅក្នុងសកម្មភាពចុះបង្ក្រាបវង់ល្បែងស៊ីសងទាំងនេះ ត្រូវបានទទួលការអបអរសាទរយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ដោយសារផ្តើមចេញពីល្បែងស៊ីសងទាំងនេះ បង្កជាអំពើល្មើសផ្សេងៗ ដូចករណីលួច ឆក់ ប្លន់ ក៏ដូចជាកើតអំពើហិង្សានៅក្នុងគ្រួសារជាដើម ។

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងថា ក្រោយពីធ្វើការសាកសួរ មនុស្សប្រុស ស្រី ទាំង ៩នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕ តុង សីហា

 


ចែករំលែក៖