ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថា ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងប ត់ ត្រូវបានថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ហើយសម្រាប់ច្រកទ្វារតំបន់ទ្វេភាគី និងច្រករបៀងទាំងអស់ ក៏ត្រូវថៃបិទផងដែរ។
សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា ថៃបានបិទនៅវេលាម៉ោងប្រមាណ ៤៖១៦នាទីរសៀលថ្ងៃនេះ ហើយពួកគេថា ចាប់ពីថ្ងៃស្អែកនឹងបើកនៅវេលាម៉ោង ៨ព្រឹករហូតដល់ម៉ោង៤រសៀល។
តែយ៉ាងណាក៏ដោយ សម្រាប់ការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា ថៃនឹងសម្រួលជូនរហូតដល់ម៉ោង៨យប់ថ្ងៃនេះ ។
ក្នុងនោះ អាជ្ញាធរ និងសមត្ថកិច្ចបង្ហាញពី ទិដ្ឋភាពទូទៅនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវបានថៃ ប្រកាសបិទជាឯកតោភាគីនៅវេលាម៉ោង ៤៖១៦នាទីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
បើទោះបីបិទក៏ដោយ តែភាគីថៃ នៅសម្របសម្រួលជូនពលករ និងពលរដ្ឋខ្មែរចេញមកវិញ រហូតដល់ម៉ោង៨យប់នេះ។
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃ បានជូនដំណឹងមកថា នឹងបើកនៅវេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ៖ ថៃជូនដំណឹងមកអាជ្ញាធរយើងថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បើកនៅថ្ងៃស្អែកចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៤រសៀល ៕
ដោយ ៖ សិលា