ភ្នំពេញ៖ ក្មេងទំនើងពីរក្រុមបានបើកឆាកប្រយុទ្ធគ្នាប្រដាប់ដោយដុំថ្មបានវាយកម្ទេចម៉ូតូគ្នាព្រមទាំងធ្វើឲ្យមានមនុស្សរងរបួសត្រូវបានសមត្ថកិច្ចឃាត់បានមនុស្ស៤នាក់ និងម៉ូតូ៣គ្រឿងយកទៅសួរនាំ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣រំលងអធ្រាត្រាឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ៣៧០កែងផ្លូវលេខ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុមិនដឹងថាភាគីទាំងសងខាងមានទំនាស់អ្វីនឹងគ្នានោះទេ ដោយម្ខាងមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម និងមួយក្រុមទៀតមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមមួយគ្រឿងនិងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡែតមួយគ្រឿងបើកមកដល់ចំណុចកេីតហេតុ ស្រាប់តែឃើញដេញវាយគ្នាប្រដាប់ដោយដុំថ្មរៀងៗខ្លួន បានគប់គ្នាទៅវិញទៅមកនិងវាយបំផ្លិចបំផ្លាញម៉ូតូទាំងសងខាងបណ្តាលឲ្យភាគីទាំងសងខាងត្រូវរបួសរៀងៗខ្លួន ខ្លះរត់ចោលគ្នាដោយបន្សល់ភាគីទាំងសងខាងចំនួន៤នាក់ រួមទាំងម៉ូតូ៣គ្រឿង រងការខូចខាត ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់ខ្លួននាំយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី១ដើម្បីសាកសួរទៅតាមជំនាញផងដែរ ។
បន្ទាប់ពីកើតហេតុ ពាក់ព័ន្ធនឹងករណីនេះផងដែរ ដោយសារតែភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមក ទើបសមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដេីម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ