ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ត្រាក់បណ្ដាលឱ្យមនុស្សម្នាក់រងរបួសនិង ប៉ះពាល់ដល់ផ្ទះ ១១ គ្រួសារ ក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់រងរបួសនិង ប៉ះពាល់ដល់ផ្ទះ ១១ គ្រួសារដោយសារមានខ្យល់កន្ត្រាក់បោកបក់ ក្នុងស្រុករមាសហែក។

ហេតុការណ៍នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ នៅឃុំអណ្តូងពោធិ៍ ស្រុករមាសហែក។ 

យោងតាមអាជ្ញាធរស្រុក បានអោយដឹងថា ពិតជាមានករណីខាងលើប្រាកដមែន ដោយមានមនុស្សម្នាក់រងរបួសនិង ប៉ះពាល់ដល់ផ្ទះ ១១ គ្រួសារដោយសារមានខ្យល់កន្ត្រាក់បោកបក់ ក្នុងនៅឃុំអណ្តូងពោធិ៍ ស្រុករមាសហែក។ 

អាជ្ញាធរស្រុក សូមសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ខណៈអាជ្ញាធរ បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ថា នារដូវវស្សាឆ្នាំនេះ ពេលមានភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ហេតុនេះ  សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ត្រូវរកកន្លែងដែលមានសុវត្ថិភាព ។ 

ជាងនេះទៀតសុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ ពិសេសជម្ងឺគ្រុនឈាម ដែលអាចឆក់យកអាយុជីវិតបានគ្រប់ពេលវេលា ហើយបើមានអាការៈមិនស្រួលសូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ៕

ដោយ៖ សុថាន


ចែករំលែក៖