ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកបណ្ឌិត គឹម សន្តិភាព នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការរបស់លោកថា ៖ យោងលើពាក្យសំដីរបស់មេទ័ពថៃរូបនេះ គឺបានបញ្ជាក់ច្បាស់ហើយ ថាថៃជាអ្នកប្រកាសសង្គ្រាម ហើយចង់ធ្វើសង្គ្រាម និងមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលយន្តការច្បាប់អន្តរជាតិ ដោយជ្រើសរើសជាប្រទេសមួយនៃសមាជិកអង្គការសហប្រជាជាតិ ដើរចេញពីសន្តិភាព ឆ្ពោះទៅកាន់សង្គ្រាម លែងមានសណ្តាប់ធ្នាប់ពិភពលោក។
លោកបណ្ឌិត គឹម សន្តិភាព លើកឡើងថា ៖ ពាក្យរបស់មេទ័ពថៃរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា គេចង់ធ្វើសង្គ្រាម និងថៃមិនទៅ ICJ ដាច់ខាត។ ដូចនេះកងទ័ពថៃ ត្រៀមខ្លួនស្លាប់ទៅក្នុងសង្គ្រាមនេះ ហើយប្រជាជនថៃខ្លួនឯងផងដែរ ក៏ត្រៀមនឹងទទួលការរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមដែលថៃបង្កើតជាមួយកម្ពុជា និងជាអ្នកឈ្លានពានកម្ពុជា ដែលជាប្រទេសជាប់របងផង និងក៏ទទួលយកការថ្កោលទោសលើឆាកអន្តរជាតិផង។
លោកបណ្ឌិត គឹម សន្តិភាព បន្តថា ៖ កម្ពុជាជ្រើសរើសសន្តិភាព និងជ្រើសរើសច្បាប់អន្តរជាតិ រីឯថៃជ្រើសរើសសង្គ្រាម និងបដិសេធច្បាប់អន្តរជាតិ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកបណ្ឌិត គឹម សន្តិភាព បានគូសបញ្ជាក់ថា ៖ កម្ពុជា បានប្រកាស និងប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការលើកកម្ពស់ការចរចាឈរលើអ្វីដែលមានស្រាប់ (JBC) ហើយអនុវត្តតាមច្បាប់ និងមូលដ្ឋានច្បាប់អន្តរជាតិជាគោលយ៉ាងខ្ជាប់ខ្ជួន ដូចនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី និងការពារបូរណភាពទឹកដី។
លោកបណ្ឌិត គឹម សន្តិភាព ថា ៖ ប្រទេសណាចេញមុខប្រកាសគាំទ្រថៃ គឺស្មើនឹងគាំទ្រប្រទេសដែលមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលពិភពលោក តាមរយ:ការជ្រើសរើសសង្គ្រាម សម្លាប់កងទ័ព និងប្រជាជន ដែលផ្ទុយពីគោលការណ៍តំបន់ផង (អាស៊ាន) និងពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
លោកបណ្ឌិត គឹម សន្តិភាព ថ្លែងថា ៖ ជាជម្រើសរបស់យើងដាច់ខាតពេលនេះ គឺជឿជាក់លើរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្លាំងមហាសាមគ្គីគ្រួសារខ្មែរតែមួយ ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ជាមូលដ្ឋានសម្រាប់បច្ចុប្បន្ន អនាគត និងគ្រប់កាល:ទេស: ៕
ដោយ ៖ សិលា