ភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level12 ជំនាន់ទី៣៧ដល់ទី៤០ចំនួន ៨២០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី ។
តាមរបាយការណ៍របស់ លោក លី ប៊ុនឆៃអគ្គនាយករង ប៊ែលធី គ្រុប បានឲ្យដឹងថា៖សិស្សភាសាអង់គ្លេស Level12ដែលបានប្រឡងបញ្ចប់ទាំង ៤០ជំនាន់មានចំនួន៤ ៦៦៩នាក់។ នៅក្នុងឆ្នាំសិក្សាថ្មី២០១៦-២០១៧នេះ មានសិស្ស-និស្សិតកំពុងសិក្សាចំនួន៣១.៩៩៩នាក់ ហើយឆ្នាំសិក្សា២០១៥-២០១៦កន្លងមកនេះ មានសិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន១១៥៤នាក់បានប្រឡងជាប់ ចំនួន ៩៦៤នាក់ ស្មើនឹង ៨៣.៥៣% ក្នុងនោះជាប់និទ្ទេសA ចំនួន២០នាក់និទ្ទេសBចំនួន៨៦នាក់ និទ្ទេសC ចំនួន១៥១នាក់ និទ្ទេសD ចំនួន១៩១នាក់ និងនិទ្ទេសE ចំនួន៥១៦នាក់។ សាលាប៊ែលធី អន្តរជាតិ បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធីទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ ហើយកម្មវិធីនីមួយៗបានចែកជា៖
-ទី១-កម្មវិធីបង្កើនចំណេះដឹងទូទៅ រួមមាន៖
-សិស្សថ្នាក់ទី៩ សិក្សាពី ទស្សនៈទានព្រះពុទ្ធសាសនា
-សិស្សថ្នាក់ទី១០ សិក្សាពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក
-សិស្សថ្នាក់ទី១១ សិក្សាពី ការយល់ដឹងពីគ្រឿងញៀន និងជំងឺអេដស៍
-សិស្សថ្នាក់ទី១២ សិក្សាពីច្បាប់ប្រឆាំងអំពើពុករលួយនិងតួនាទីយុវជននៅក្នុងសង្គម
-ទី២-កម្មវិធីពង្រឹងស្មារតី រួមមាន៖
-កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
-កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស
-វេទិកាជជែកពិភាក្សាជាសាធារណៈ
-ទី៣-កម្មវិធីទស្សនកិច្ចសិក្សា រួមមាន៖
-ថ្នាក់ទី៤-ទី៥ ខ្មែរ និងភាសាអង់គ្លេសLevel4-5ទស្សនកិច្ចព្រះប្ររមរាជវាំង
-ថ្នាក់ទី៦ ខ្មែរ និងភាសាអង់គ្លេស Level 6 ទស្សនកិច្ចសារមន្ទីរជាតិ
-ថ្នាក់ទី៧ ខ្មែរ និងភាសាអង់គ្លេស Level7 ទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
-ថ្នាក់ទី៨ ខ្មែរ និងភាសាអង់គ្លេស Level8 ទស្សនកិច្ចមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
-ថ្នាក់ទី៩ ខ្មែរ និងភាសាអង់គ្លេស Level9ទស្សនកិច្ចសារមន្ទីរជាតិ និងរមណីយដ្ឋានភ្នំតាម៉ៅ
-ថ្នាក់ទី១០ ខ្មែរ និងភាសាអង់គ្លេស Level10ទស្សនកិច្ចព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យឧត្តុង្គ
-ថ្នាក់ទី១១ ខ្មែរ និងភាសាអង់គ្លេស Level11 ទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងរមណីយដ្ឋាន ភ្នំសន្ទុក
-ថ្នាក់ទី១២ ខ្មែរ និងភាសាអង់គ្លេស Level12 ទស្សនកិច្ចមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងប្រាសាទសម្បូរព្រៃគុក
-ទី៤-កម្មវិធីសិក្សាតាមទូរទស្សន៍៖សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ
-ទី៥-កម្មវិធីប្រឡងសំណេរ៖ ធ្វើឲ្យសិស្សចេះស្ទាត់ក្នុងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ
-ទី៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា៖ ធ្វើឲ្យសិស្សមានជំនាញ ក្នុងការគិត បូកលេខ ប្រមាណវិធី ដោះស្រាយបញ្ហាបានត្រឹមត្រូវ និងឆាប់រហ័ស។
-ទី៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ៖ លើកទឹកចិត្ត និងផ្តល់ឱកាសជូនសិស្សានុសិស្សបានបញ្ចេញស្នាដៃ និងទេពកោសល្យដែលខ្លួនមានពីកំណើត។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ លោក ក៏បានកោតសរសើរចំពោះ សិស្សឈ្មោះ កាំង ស៊ីញលី សិស្សសាលា ប៊ែលធី អន្តរជាតិទី៥ ដែលទទួលបាន និទ្ទេសAលេខ១ ក្នុងចំណោមសិស្សនិទ្ទេសA សរុបចំនួន ៤០៥នាក់ ដែលមានលំដាប់ពិន្ទុ ១០០.០០% ខ្ពស់ជាងគេទូទាំងប្រទេសផងដែរ។
លោក បានមានប្រសាសន៍បន្ថែមទៀតថា សមិទ្ធិផល និងការរីកដុះដាលរបស់ប៊ែលធី គ្រុប ពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាណាព្យាបាលសិស្ស សិស្សានុសិស្ស និស្សិតស្ថាប័ននានា ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។
លោក ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFLឬIELTS) ឲ្យបានពិន្ទុយ៉ាងតិច 6.5ឡើងទៅសម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។
បន្ទប់មក លោក ប្រធានគណៈអធិបតី និងលោកស្រី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភីទាំង ៨២០នាក់ នាពេលនោះផងដែរ ៕ ស រស្មី