ខេត្តរតនគិរី៖ ប្រជាពលរដ្ឋចំនួន ៥ភូមិរស់នៅលើដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្នុងសង្កាត់ការចាញ ក្រុងបានលុង ខេត្តរតនគិរី បានសម្តែងក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រគល់សិទ្ធិឲ្យពួកគាត់គ្រប់គ្រងដី ដែលកំពុងរស់នៅដោយស្របច្បាប់នោះ។ ប្រជាពលរដ្ឋថា ការសម្រេចរបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺជាការជួយដោះស្រាយនូវទុក្ខលំបាក ដ៏ធំនៅក្នុងជីវិតរបស់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តរតនគិរីនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រេចកាត់ដីជាច្រើនហិកតា ដែលស្ថិតក្នុងក្របខណ្ឌរបស់រដ្ឋជូនប្រជាពលរដ្ឋចំនួន១២៦០គ្រួសារ រស់នៅក្នុងភូមិចំនួន៥ ស្ថិតក្នុងសង្កាត់ការចាញ ក្រុងបានលុង ខេត្តរតនគិរី អាចរស់នៅ និងកាន់កាប់ដីទាំងអស់នោះ ទៅតាមភាពជាក់ស្តែង ដោយមិនឲ្យមានការការរឹបអូសយកវិញនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានចាត់ចែង និងជំរុញអាជ្ញាធរឲ្យចេញបណ្ណកម្មសិទ្ធិគ្រប់គ្រងដីជូនពួកគេថែមទៀតផង។
លោក កែវ សាម៉ន អាយុ ៥២ឆ្នាំ ដែលបានតាំងទីលំនៅក្នុងភូមិ៤ សង្កាត់ការចាញអស់រយៈពេល២០ឆ្នាំមកហើយនោះ បានរៀបរាប់ឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅលើដីកម្មសិទ្ធិរបស់រដ្ឋត្រូវបានក្រុមហ៊ុន ស្វីហ្វរ៉ាប់ប៊ើរ លីមីតធីត ចំការកៅស៊ូ ខេត្តរតនគិរី ហាមឃាត់មិនឲ្យមានការអភិវឌ្ឍន៍ ឬសាងសង់លំនៅឋានអ្វីនោះឡើយ។ នៅពេលប្រជាពលរដ្ឋសាងសង់លំនៅឋានតែងមានការហាមឃាត់ពីភាគីក្រុមហ៊ុនថែមទៀតផង។
លោក កែវ សាម៉ន បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ធ្លាប់បានស្នើសុំធ្វើប្លង់កម្មសិទ្ធិផងដែរ តែមិនទាន់មានអាជ្ញាធរហ៊ានសម្រេចនោះឡើយ។ លោកថា ការរស់នៅលើដី ដែលមិនមានប្លង់កម្មសិទ្ធិគ្រប់គ្រងដីឲ្យបានច្បាស់លាស់នេះ ពួកគាត់តែមានការព្រួយបារម្ភខ្លាចក្រុមហ៊ុន ឬរដ្ឋរឹបអូសយកទៅវិញ។
លោក កែវ សាម៉ន បានបញ្ជាក់បន្ថែមទៀតថា សព្វថ្ងៃហ្នឹងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ៤ ហ្នឹងវាមិនមានភាពកក់ក្តៅ មានការខ្លាចរអើរ មិនច្បាស់លាស់ត្រង់ថា ក្រុមហ៊ុនគាត់ថា ជាដីរបស់ក្រុមហ៊ុន ប្រជាពលរដ្ឋរស់នៅថា ជាដីរបស់គាត់ តែគ្មានប្លង់ច្បាស់លាស់។ ដូច្នេះចេះតែរស់នៅតាមការផ្សងព្រេងទៅ។
បន្ទាប់ពីទទួលបានដំណឹង នៃការប្រគល់សិទ្ធិឲ្យគ្រប់គ្រងដីស្របតាមច្បាប់ ក្រុមប្រជាពលរដ្ឋ បានបង្ហាញក្តីរីករាយ ហើយក៏លែងព្រួយបារម្ភក្រុមហ៊ុនមករុះរើលំនៅឋានរបស់ពួកគាត់តទៅទៀតហើយ។
លោក យិន សាវិន ប្រជាពលរដ្ឋម្នាក់ទៀត រស់នៅក្នុងភូមិលេខ៤ អស់រយៈពេល១០ឆ្នាំមកហើយនោះ ហើយក៏ធ្លាប់រងការព្រមានពីក្រុមហ៊ុនមិនឲ្យសាងសង់ ឬពង្រីកលំនៅឋានដែរនោះ បានបង្ហាញក្តីរីករាយហើយថា គាត់ក៏លែងព្រួយបារម្ភរឿងគេរុះរើ ឬបណ្តេញគាត់ចេញពីកន្លែងរស់នៅផងដែរ។ឥឡូវនេះឮដំណឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រគល់ប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋខ្ញុំសប្បាយចិត្ត និងត្រេកអរ ដែលសម្តេចជួយឲ្យប្រជាពលរដ្ឋបានរស់នៅ។ ចាប់ពីពេលនេះទៅខ្ញុំលែងភ័យលែងព្រួយខ្លាចគេដេញគេអីទៀតហើយ។
ក្រោយពីទទួលបានការសម្រេចពីប្រមុខរាជរដ្ឋាភិបាល ឲ្យមានសិទ្ធិគ្រប់គ្រងដីធ្លីបានពេញលេញ ក្រុមប្រជាពលរដ្ឋ ដែលធ្លាប់ដេកព្រួយបារម្ភខ្លាចគេ ដេញចេញពីលំនៅឋាន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ថា ជាមេដឹកនាំយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ក្រោយពីទទួលបានដំណឹងល្អមានសិទ្ធិគ្រប់គ្រងដីធ្លី ផ្ទះសម្បែងហើយនោះ ក្រុមប្រជាពលរដ្ឋ ក៏បានស្នើសម្តេចតេជោ ហ៊ុន សែន ជួយ សាងសង់ផ្លូវនៅក្នុងភូមិទី៤ ដែលមានប្រវែងប្រមាណ ៤គីឡូម៉ែត្រផងដែរ។ បើតាមប្រជាពលរដ្ឋការសាងសង់ផ្លូវនេះ នឹងជួយជាប្រយោជន៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ហើយក៏ជួយដល់ការធ្វើដំណើររបស់កម្មករចូលទៅចំការកៅស៊ូ និងជួយការធ្វើដំណើររបស់ភ្ញៀវទេសចរ ទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់ការចាញ និងការទៀងផងដែរ ៕ វុទ្ធឦសាន