ព័ត៌មានទាន់ហេតុការណ៍៖

ការបែកបាក់សម្ព័ន្ធរដ្ឋាភិបាលបានគំរាមកំហែងដល់សេដ្ឋកិច្ចថៃបន្ថែមមួយកម្រិតទៀត

ចែករំលែក៖

នៅពេលដែលអស្ថិរភាពនយោបាយនិងមានភាពរអាក់រអួលរវាងគណបក្សភឿថៃដែលកំពុងកាន់អំណាច និងគណបក្ស Bhumjaithai ដែលជាដៃគូរចម្រុះរបស់ខ្លួន វាទំនងជាធ្វើឱ្យអារម្មណ៍អ្នកវិនិយោគធ្លាក់ចុះបន្ថែមទៀត ដែលធ្វើអោយមានការព្រួយបារម្ភចំពេលមានការគំរាមកំហែងកើនឡើងនៃពន្ធ 36% របស់សហរដ្ឋអាមេរិកលើការនាំចេញរបស់ថៃ។

លោក Poonyawat Sreesing សេដ្ឋវិទូជាន់ខ្ពស់នៃមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank (SCB EIC) បាននិយាយថា សេដ្ឋកិច្ចថៃត្រូវបានរងសម្ពាធដោយភាពមិនច្បាស់លាស់ខាងនយោបាយមួយរយៈមកហើយ ប៉ុន្តែមិនអាចទប់ទល់នឹងការតក់ស្លុតធ្ងន់ធ្ងរពីការរំលាយសភាបានទេ។ លោកបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា “ខ្ញុំគិតថាយើងត្រូវរង់ចាំមើលរូបភាពកាន់តែច្បាស់អំពីការរុះរើគណៈរដ្ឋមន្ត្រី”។

លោក Yunyong Thaicharoen ប្រធានសេដ្ឋវិទូ និងជាមន្ត្រីផ្នែកនិរន្តរភាពនៅ SCB EIC បានថ្លែងដោយក្តីបារម្ភថា ការរុះរើគណៈរដ្ឋមន្ត្រីគួរតែត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស ដើម្បីកាត់បន្ថយផលវិបាកអវិជ្ជមានលើសេដ្ឋកិច្ច។

លោកបានមានប្រសាសន៍ថា “អស្ថិរភាពនយោបាយធ្វើឱ្យខូចទំនុកចិត្ត។ នៅក្នុងការផ្លាស់ប្តូរនយោបាយណាមួយ យើងសង្ឃឹមថាវានឹងដំណើរការយ៉ាងឆាប់រហ័ស និងរលូន”។ 

ចំណែកលោក Somchai Sittichaisrichart នាយកគ្រប់គ្រងក្រុមហ៊ុនចែកចាយផលិតផល IT SIS Distribution (Thailand) Plc បាននិយាយថា អស្ថិរភាពនយោបាយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ចដែលផុយស្រួយរួចទៅហើយរបស់ប្រទេសថៃ រួមទាំងបំណុលគ្រួសារ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងវិស័យទេសចរណ៍ ជាពិសេសទីផ្សារប្រទេសចិន ៕

ដោយ៖ ភារៈ


ចែករំលែក៖