ភ្នំពេញ៖ ប្ដីប្រពន្ធតាយាយ២នាក់ បើកម៉ូតូឌុបគ្នាចេញពីផ្ទះដើម្បីយកព្រីងទៅលក់នៅផ្សារ បើកម៉ូតូឆ្លងផ្លូវត្រូវម៉ូតូបុកចំពីចំហៀងពេញទំហឹង បណ្ដាលអោយបោកក្បាលស្លាប់លោកតាម្នាក់ និងរងរបួស៣នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦ ចន្លោះស្ពានទី៩នឹងស្ពានទី១០ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ សែ ស្រេង អាយុ៥៨ឆ្នាំ ជាអ្នកយាមដីអោយគេនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តព្រះវិហារ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្ដីប្រពន្ធតា យាយ២នាក់បានបើកម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងឌុបគ្នាធ្វើដំណើរចេញពីផ្លូវបេតុងក្នុងទិសដៅពីរលិចទៅកើត បើកឆ្លងផ្លូវគោលបំណង យកព្រីងទៅលក់នៅផ្សារព្រែកអញ្ចាញ ខណៈបើកម៉ូតូឆ្លងជិតផុតផ្លូវទៅហើយ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសង់ឌ្រីមជិះគ្នាពីរនាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានីភ្នំពេញដោយល្បឿនលឿន មកបុកម៉ូតូជនរងគ្រោះពីរនាក់តាយាយពេញទំហឹងបណ្ដាឲ្យលោកតាជាអ្នកបើកម៉ូតូខ្ទាតបោកក្បាលស្លាប់នៅនឹងកន្លែង ចំណែកប្រពន្ធបានរងរបួសស្រាល និងម៉ូតូមួយគ្រឿងទៀតជិះគ្នា២នាក់បានរងរបួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកនាំខ្លួនអ្នកបើកបរម៉ូតូទៅសាកសួរ និងបានទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកចុះទៅវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសពត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុរួចប្រគល់ទៅឲ្យក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តបាក់ខែងក្នុង៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច