ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើង១ខ្សែបុករថយន្តដឹកជីបណ្ដាលឲ្យរបួសពីរនាក់នៅស្រុកបន្ទាយមាស ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត ៖ រថភ្លើង​១ខ្សែ​បាន​បុក​កន្ទុយ​រថយន្ត​ដឹក​ជីនៅ​ចំណុច​ផ្លូវ​វាង​សាលាស្រុក​បន្ទាយមាស កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត កំពត ខណៈ​រថយន្ត​នេះ​ព្យាយាម​បើក​ឆ្លងកាត់​ផ្លូវដែក ។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថភ្លើង​១ខ្សែ​នោះ​បើក​ពី​ត្បូង​ឆ្ពោះទៅ​ទិស​ខាងជើង តាម​បណ្ដោយ​ផ្លូវដែក ហើយ​រថយន្ត​ដឹក​ជី​នេះ​បើក​មក​ពី​ជើង​ទៅ​ត្បូង ។

ដោយឡែក​បា​រាសដែល​ជា​សញ្ញា​សម្រាប់​ការពារ​រថភ្លើង​ឆ្លងកាត់​នោះ បាន​បិទ​ទាំង​សងខាង​រួចរាល់​ហើយ នៅ​តែ​បុក​បណ្ដាល​ឱ្យ​ខាង​រថយន្ត​របួស​២​នាក់ និង​រថយន្ត​ខូច​ផ្នែក​ខាងក្រោយ រីឯរថភ្លើង​បាន​ក្រ​ពឹត​ក្បាល​ម៉ា​ស៊ីន ។

អ្នក​បើករថយន្ត​និយាយ​ថា រថយន្ត​របស់​ខ្លួន​ហ្រ្វ័ង​មិនស៊ី តែ​បើក​ចង់​ផុត​ទៅ​ហើយ​ក៏ត្រូវរថភ្លើង​បុក ។ ទោះជា​មាន​ហេតុ​ការណ៍​បែប​នេះ​ក្ដី ក៏រថយន្ត​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាននគរបាល​ស្រុក​បន្ទាយមាស ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ​ខាង​រថភ្លើង ដែល​រង​ការ​ខូចខាត​ក្រ​ពឹត​មុខ ។

តាម​ប្រភព​ព័ត៌មាន​ថា នៅ​ដើមឆ្នាំ​នេះ ចំណុច​ដែល​មានការ​បុក​រថយន្ត​នេះ ក៏​ធ្លាប់​កើត​មានការ​បើក​រំលោភ​បំពាន​បា​រាស់​ឆ្លងកាត់​ផ្លូវដែក បណ្ដាល​ឱ្យ​បុក​ស្លាប់​មនុស្ស​ច្រើន​នាក់​ផង​ដែរ ។ ចំណុច​នេះត្រូវ​គេ​ដឹង​ថា មាន​បុគ្គលិក​ចាំ​ដាក់​បា​រាស់​ ពេល​មាន​ខ្សែ​រថភ្លើង​បើក​ឆ្លងកាត់​ម្ដង​ៗ តែក៏នៅតែមានគ្រោះថ្នាក់។

គួរបញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​ចំនួន​៣​ចំណុច តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៤ ដែល​វិធានការ​ទាំង​៣​ចំណុច​មាន ៖

១-​ការ​បង្កើន​ការ​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​សុវត្ថិភាព​តាម​ផ្លូវ ដែល​មាន​ផ្លូវដែក​ឆ្លងកាត់ និង​ការ​ដាក់​ឆ្មាំ​ការពារ​របាំង​ផ្លូវដែក ។

២ -​ការ​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ 

និង​៣-​វិធានការ​ផ្សព្វផ្សាយ​អប់រំ ។

ការ​ចេញ​វិធានការ​ចំពោះ​មុខ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ រវាង​រថយន្តក្រុង នឹង​រថភ្លើង ។ បើ​តាម​រដ្ឋមន្ត្រី​សាធារណការ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​រវាង​រថភ្លើង នឹង​រថយន្តនេះ ភឺ កើតឡើង​ដោយសារ​តែ​មាន​កំណើនប្រជាជន និង​ការ​រីក​ចម្រើន​ខាង​ផ្លូវថ្នល់ រួម​ទាំង​ការ​បិទ​បាំង​ដោយ​ដើមឈើ​លើ​ស្លាក​សញ្ញា​ចរាចរណ៍ ។ នៅ​កម្ពុជា​មាន​ផ្លូវដែក​២​ខ្សែ គឺ​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត ប្រវែង ៣៨៦​គីឡូម៉ែត្រ និង​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែល​មាន​ប្រវែង ២៦៦​គីឡូម៉ែត្រ ដោយ​មាន​ផ្លូវ​ឆ្លងកាត់​ចំនួន ៩៧៩​កន្លែង ។

នៅ​ចំពោះ​មុខ​បញ្ហា​នេះលោករដ្ឋមន្ត្រីប៉េង ពោធិ៍​នា បាន​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​៣ គឺ៖

ទី​១-​ការ​បង្កើន​ការ​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​សុវត្ថិភាព​តាម​ផ្លូវដែក និង​ការ​ដាក់​ឆ្មាំ​ការពារ​របាំង​ផ្លូវដែក ។

ទី​២-​ការ​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ ។

ទី​៣-​វិធានការ​ផ្សព្វផ្សាយ​អប់រំ ៕

ដោយ៖ សូរិយា


ចែករំលែក៖