ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើដំណើរ ដោយថ្មើរជើង«ព្យុហយាត្រាសាមគ្គីភាព» កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បង្ហាញពីការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការពារ បូរណភាពទឹកដីរបស់យើងប្រកបដោយស្មារតីជាតិនិយម។
ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រារព្ធនៅខេត្តសៀមរាប នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើដំណើរដែលរៀបចំ ដោយសហភាពសហព័ន្ធយុវជនកម្ពុជានោះដែរ ត្រូវបានកាសែតថៃចុះផ្សាយព្រោងព្រាតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមិនទៅបំពានអ្នកណានោះតេ ប៉ុន្តែកម្ពុជាត្រៀមលក្ខណៈគ្រប់គ្រាន់តាមគ្រប់មធ្យោបាយ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យ និងកិត្តិយសជាតិរបស់យើង។
សម្ដេចធិបតី៖ កម្លាំងគាំទ្ររបស់ប្រជាជាតិមួយយ៉ាងផុលផុសក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុង មានបញ្ហា បានបង្ហាញឱ្យឃើញអំពីការយល់ឃើញត្រូវចំពោះជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងកិច្ច ការពារបូរណភាពទឹកដី ដែលមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមករំលោភបំពានមើលងាយបានឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការជួបជុំគ្នាដើរដោយថ្មើជើង ដែលបានរៀបចំឡើងដោយឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងទៅថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញនូវការ សាមគ្គីជាតិ ឯកភាពជាតិ ខណៈព្រឹតិ្តការណ៍នេះ មានការចុះផ្សាយពីទូរទស្សន៍អន្តរជាតិជាច្រើន រួមទាំងសារព័ត៌មានថៃ ក៏មានការផ្សព្វផ្សាយដែរនោះ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច