ភ្នំពេញ ៖ សពទារកទើបតែចាប់កំណើត មិនទាន់បានឃើញពន្លឺថ្ងៃផង ក៏ត្រូវម្តាយយកសព ដាក់ក្នុងថង់ខ្មៅបោះចោលក្បែរធុងសំរាម ជិតផ្សារទួលគោក ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្សារទួលគោក បណ្តោយផ្លូវលេខ ៥៨៦ សង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពទារកខាងលើ មានសភាពដោយមិន កាត់ទងសុកនោះឡើយ ។
តាមប្រភពព័ត៌មានពី បុគ្គលិកផ្នែកប្រមូលសំរាមបានអោយដឹងថា មកប្រមូលនៅទីតាំងចំណុចកើតហេតុ កំពុងតែប្រមូលសំរាមសុខៗ ក៏ប្រទះថង់ខ្មៅមួយដែលឃើញមានទារកម្នាក់ដែលមានគេយកមកប្លុងចោលលើគំនរសំរាមខាងលើ ក៏បង្កការភ្ញាក់ផ្អើលដល់អាជីវករ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យផងដែរ ។
ប្រភពពីបុរសម្នាក់ដែលរស់នៅក្បែរនោះបានអោយដឹងថា កាលពីវេលាម៉ោង០៤ទាបភ្លឺថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥យប់មិញនេះ គាត់បានឃើញស្រ្តីម្នាក់ ដើរកាន់ថង់ខ្មៅចំនួន០២ មកបោះចោលក្បែរធុងសំរាម ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍នោះឡើយ ដោយសារតែស្មានជាថង់សំរាមធម្មតា ។ លុះមកដល់ព្រឹកឡើង ក៏មានការភ្ញាក់ផ្អើលថា មានសពទារកនៅខាងក្នុងថង់ខ្មៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកដល់ ដើម្បីត្រួតពិនិត្យនៅទីតាំងខាងលើ ។ ចំពោះសពទារកត្រូវបាននគរបាលយកទៅវត្តទឹកថ្លា ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ រ៉ារ៉ា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច