ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់ បុរសម្នាក់ឌុបប្រពន្ធទៅដូរហ្គាសនិងទិញនំប៉័ង ហតដក ខ្យល់គរស្លាប់នៅតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានខ្យល់គរស្លាប់នៅតាមផ្លូវ បន្ទាប់ពីជិះម៉ូតូរ៉ឺម៉កលក់នំប៉័ងហតដកដឹកប្រពន្ធចេញពីផ្ទះទៅប្ដូរហ្គាសនិងទិញនំបុ័ងហតដកដើម្បីមកលក់។  ហេតុការណ៍ នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៥ នៅតាមបណ្តោយផ្លូវ៥៩២  សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។  

បុរសរូបនោះភ្លាមៗពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ ។

យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរូបនោះបានជិះម៉ូតូរ៉ឺម៉កលក់នំបុ័ងហតដកមួយគ្រឿងដឹកស្ត្រីជាភរិយាធ្វើដំណើរតាមដងផ្លូវ ខណៈនៅពេលមកដល់ចំណុចផ្លូវ៥៩២ ដោយមាន អាការៈមិនស្រួលខ្លួនហើយក៏ឈប់ម៉ូតូដើម្បីធ្វើចលនាជួយរឹត និងទាក់ទងហៅរថយន្តសង្គ្រោះប្រុងបញ្ជូនទៅកាន់មន្ទីរពេទ្យតែត្រូវបានគ្រូពេទ្យអះអាងថាបានស្លាប់បាត់បង់ជីវិតទៅហើយ។ 

តាមព័ត៌មានពីប្រពន្ធជនរងគ្រោះបានបន្ដទៀតថា  នៅមុនពេលកើតហេតុរូបគាត់និងប្ដីបានធ្វើដំណើរចេញពីផ្ទះនៅម្ដុំផ្សារឈូកមាស ដោយនាំគ្នាជិះម៉ូតូរ៉ឺម៉កទៅដូរហ្គាសនិងទិញនំប៉័ងហតដកយកទៅលក់ មុនចេញដំណើរបុរសជាប្ដីក៏បានប្រាប់ស្ត្រីជាប្រពន្ធថា មិនស្រួលខ្លួន តែមិននឹកស្មានថាធ្វើដំណើរតាមដងផ្លូវក៏ខ្យល់គរស្លាប់បែបនេះ បន្ទាប់ពីភ្ញាក់ផ្អើលបុរសម្នាក់ខ្យល់គរ ស្លាប់សមត្ថកិច្ចនគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ។

 បន្ទាប់ពីត្រួតពិនិត្យសមត្ថកិច្ចជំនាញក៏បានសន្និដ្ឋានថាបុរសរូបនោះស្លាប់ដោយសារគាំងបេះដូង សមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់សពឱ្យក្រុមគ្រួសារបញ្ជូនទៅតម្កល់នូវឈាបនៈដ្ឋានវត្តពោធិ៍ចិនតុងដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖