ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួន រឹបអូសវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, កាំភ្លើងច្នៃចំនួន០១ដើម, ដាវសាំម៉ូរ៉ៃចំនួន០២ដើម, ពូថៅចំនួន០១, ដែកចុងស្រួចចំនួន០១ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើង កាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ភាព ពិសិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។ ជនល្មើសរូបនេះជាមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ។ នៅមុនពេលកើតហេតុសមត្ថកិច្ចទទួលបានព័ត៌មានថា មុខសញ្ញាខាងលើនេះធ្វើសកម្មភាពជួញដូរគ្រឿងញៀនក៏ឆ្មក់ចូលទៅបង្រ្កាបឈានដល់ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ