ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តចុះពិនិត្យ និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខ ក្នុងមូលដ្ឋានសុខាភិបាលជាប់ព្រំដែន នៅមណ្ឌលសុខភាព ស្រអែម និងមណ្ឌលសុខភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល រសៀលថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាព ស្រអែម និងមណ្ឌលសុខភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រះវិហារ ដែលមានទីតាំងនៅជិតព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យ ពង្រឹង និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខក្នុងមូលដ្ឋានសុខាភិបាល។

ក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីសុខាភិបាលដោយពាំនាំផ្តល់ជូនឱសថចាំបាច់បន្ថែមមួយចំនួន ដើម្បីឆ្លើយតបបានតាមតម្រូវការបន្ទាន់ជាយថាហេតុ។ ក្រុមការងារសុខាភិបាលបានចុះពិនិត្យតាមជំនាញ អំពីហេដ្ឋារចនាសម្ព័ន្ធ កិច្ចការបម្រើសេវាមានដូចជា៖ ផ្នែកផ្តល់ថ្នាំបង្ការ ពិនិត្យជំងឺក្រៅ ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម ជំងឺសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀន ផ្នែកមន្ទីរពិសោធន៍ និងឃ្លាំងឱសថ។

ក្នុងដំណើរចុះពិនិត្យនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពទាំងពីរ ដែលកំពុងខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ លើការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ នៅតាមមូលដ្ឋានខេត្តជាប់និងព្រំដែន។ បន្ថែមពីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំង២ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែម លើចំណេះជំនាញ រួមទាំងចំណេះដឹកនាំ ដែលឯកឧត្តមរដ្ឋមន្ត្រីចែករំលែកជូនរាល់ថ្ងៃអង្គារនៃសប្តាហ៍នីមួយៗ នេះសំដៅលើកកម្ពស់សុខុមាលភាពប្រជាជនតាមព្រំដែន និងអាចដោះស្រាយបានលើគ្រប់បញ្ហាប្រឈម។

សូមបញ្ជាក់ថា, មណ្ឌលសុខភាព ទាំង២ខាងលើ ជាចំនុចយុទ្ធសាស្រ្តមួយ គឺជាទីតាំងមូលដ្ឋានសុខាភិបាលជួរមុខ ជិតនិងកៀកព្រំដែនកម្ពុជា-ថៃ ។

នៅថ្ងៃនេះ ! លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានបង្ហោះនូវរូបភាពប្រជាពលរដ្ឋ ដែលស្ថិតនៅតាមព្រំដែន ក្នុងនោះលោកបានសំណេរថា ,ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះប្រជាពលរដ្ឋ ពុកម៉ែ ពូមីង បងប្អូន ដែលរស់នៅតាមបណ្ដោយព្រំដែន ដែលមានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបានរួមគ្នាធ្វើត្រង់សេការពារដោយខ្លួនឯង។

ខឿនការពារជាតិប្រជាជន គឺកើតចេញពីស្មារតីរឹងមាំរបស់ប្រជាពលរដ្ឋ ដែលឈរជើងយ៉ាងមុតមាំលើទីតាំងរបស់ខ្លួន ហើយខិតខំផលិតស្បៀងដូចជា ស្រូវ សាច់ និងបន្លែជាដើម សម្រាប់ផ្គត់ផ្គង់ជូនកងទ័ពដែលកំពុងឈរជើងនៅជួរមុខ៕

ដោយ ៖ សិលា 


ចែករំលែក៖