ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញប្រភេទសត្វតុកកែនិងជីងចក់ កំណត់ត្រាថ្មីសម្រាប់ពិភពលោកនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ តុកកែ១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ 

អ្នកស្រាវជ្រាវពាក់ព័ន្ធខាងលើបានធ្វើការកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្សាលើប្រភេទជីវៈចម្រុះថ្មីនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ហើយថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញលើប្រភេទជីវៈចម្រុះចំនួន៣ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក ក្នុងនោះរួមមាន៖ 

១-តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ  និងភ្នំខ្ពស់។ kampingpoiensis សរសេរជាភាសាឡាតាំង មានន័យថាជាភ្នំកំពីងពួយ។ 

២-ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ noctivagus ជាភាសាឡាតាំងមានន័យថា រកស៊ីនៅពេលយប់។

៣-ជីងចក់ភ្នំខ្ពស់(Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ ស្រុកបាណន់។ khpohសរសេរជាភាឡាតាំង មានន័យថាជាភ្នំខ្ពស់។ 

យោងតាមរបាយទីតាំងនៃការរកឃើញប្រភេទថ្មីៗទាំងនេះ ក្រុមអ្នកស្រាវជ្រាវស្នើ ចាត់បញ្ចូលប្រភេទទាំង៣ ជាប្រភេទជិតផុតពូជបំផុត (Critically Endangered) នៅក្នុងបញ្ជីក្រហម IUCN។ ការរកឃើញនេះបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីតំបន់ភ្នំថ្មកំបោរនៅកម្ពុជា ដែលជាជម្រកនៃជីវៈចម្រុះពិសេសៗដែលមានតែនៅប្រទេសកម្ពុជា ប៉ុន្តែតំបន់ភ្នំថ្មកំបោរជាច្រើននៅពុំទាន់មានការសិក្សាស្រាវជ្រាវនៅឡើយ ហើយអ្នកវិទ្យាសាស្ត្រជឿថា ប្រភេទសត្វកម្រជាច្រើនទៀតអាចនឹងមានវត្តមានរស់នៅទីនោះ។ ការរកឃើញនេះនឹងជួយពង្រឹងដល់ការការពារប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃទាំងនេះឱ្យកាន់តែប្រសើរឡើង៕

ដោយ៖ សូរិយា


ចែករំលែក៖