ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រធានក្រុមហ៊ុន Salim Group

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក Anthony Salim ប្រធានក្រុមហ៊ុន Salim Group ចូលជូបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ លោក Anthony Salim បានជំរាបជូនសម្តេចតេជោអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនលោកចំនួន១២ផ្នែកដែលបានវិនិយោគលើ ៥០ប្រទេស ដែលមានអ្នកធ្វើការងារប្រមាណ ៥៣ម៉ឺននាក់។ ចំពោះគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនផ្តោតលើវិស័យផលិតស្បៀងអាហារ វិស័យថាមពល វិស័យសុខាភិបាល វិស័យហិរញ្ញវត្ថុ និងវិស័យអេកូទេសចរណ៍។ ក្រុមហ៊ុននេះក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិស័យកសិកម្មនៅកម្ពុជាផងដែរ ពីព្រោះវិស័យនេះគឺចាំបាច់សំរាប់ធានាការផ្គត់ផ្គង់ស្បៀងទូទាំងពិភពលោក ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាដើម ។

សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍ចំពោះចំណាប់អារម្មណ៍នៃការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានណែនាំអោយក្រុមហ៊ុនលោកចាប់ដៃគូរក្នុងស្រុក និងពិនិត្យមើលអោយបានច្បាស់លាស់លើវិស័យណាខ្លះដែលខ្លួនមានបំណងចង់វិនិយោគ។ វិស័យអាទិភាពរបស់កម្ពុជាក្នុងនោះ គឺវិស័យកសិកម្មដូចជា ដំណាំស្រូវ អង្ករ និងដំឡូងមី ដែលជួយដល់ប្រជាកសិករ ហើយរួមទាំងវិស័យទេសចរណ៍ដ៏មានសក្តានុពលផងដែរ ។

លោក Anthony Salim បានកោតសរសើរចំពោះប្រទេសកម្ពុជាដែលរក្សាបាននូវសុខសន្តិភាព និងរីកចម្រើនទៅមុខនៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើអោយអ្នកវិនិយោគគិនបរទេសកាន់តែមានការកក់ ក្តៅ និងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមកបណ្តាក់ទុននៅប្រទេសកម្ពុជា ៕

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1102471843134645/” width=”600″ height=”400″ onlyvideo=”1″]

3 2 1 4


ចែករំលែក៖