ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារភៀសសឹក បន្តស្នាក់នៅក្នុងវត្តពោធិ៍ ៥០០០ដើម ប្រមាណជាជិត ២០០០គ្រួសារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ យោងតាមរបាយការណ៍សម្រង់ចំនួនគ្រួសារភៀសសឹកប្រចាំថ្ងៃរបស់រដ្ឋបាលស្រុកគូលែនរាប់ចាប់ពីថ្ងៃទី៨ ខែមិថុនា រហូតដល់ថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៥ គ្រួសារភៀសសឹកមានចំនួនជិត២០០០គ្រួសារ បច្ចុប្បន្នកំពុងបន្តស្នាក់នៅក្នុងវត្តពោធិ៍៥០០០ដើម(អូដូនស្ងួន)ស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

ការស្នាក់អាស្រ័យរបស់គ្រួសារភៀសសឹកដែលត្រូវបានអាជ្ញាធរស្រុកគូលែនជាប់ព្រំដែនកម្ពុជា.ថៃ ជម្លៀសចេញពីតំបន់ងាយរងហានិភ័យ មកកាន់ទីសុវត្ថិភាព បើទោះបីជាឃ្លាតចេញពីលំនៅឋានក្តី ប្រជាជនទាំងនោះត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានជាមួយនឹងការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគ ក្មេងៗក៏ទទួលបានការសិក្សារៀនសូត្រធម្មតានៅក្នុងបរិវេណវត្តពោធិ៍៥០០០នោះផងដែរ។

អភិបាលស្រុកគូលែនលោក ប៉ែនជឹង បានបញ្ជាក់ប្រាប់សារព័ត៌មានថានៅថ្ងៃទី ៣ ខែកក្ដដា ឆ្នាំ២០២៥ ថាគ្រួសារភៀសសឹកដែលស្នាក់អាស្រ័យនៅក្នុងវត្តពោធិ៍៥០០០ មានសន្តិសុខនិងសុវត្ថិភាពល្អប្រសើរ ហើយក៏មានជំនួយជាបន្តបន្ទាប់ផងដែរ។

តួយ៉ាង នាថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២៥នេះលោក ស៊ាប កែវជីវ៉ា អភិបាល នៃគណអភិបាលស្រុកសង្គមថ្មី បានដឹកនាំរដ្ឋបាលស្រុក ក្រុមប្រឹក្សាស្រុក កម្លាំងនគរបាលស្រុក រដ្ឋបាលឃុំទាំង៥ រួមប្រជាពលរដ្ឋ នាំយកនូវសម្ភារ: និងគ្រឿងបរិភោគទៅចែកជូនប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ហានិភ័យនៃស្រុកជាំក្សាន្ត នៅវត្តពោធិ៍៥០០០ដើម យ៉ាងច្រើនផងដែរ។

ដោយឡែកកាលពីព្រឹកថ្ងៃទី២ ខែកក្តដាឆ្នាំ២០២៥ ចៅអធិការវត្តពោធិ៍ ៥០០០ដើមផ្ទាល់ ក៏បានបរិច្ចាគនូវសម្ភារៈសិក្សាជាច្រើនដល់សិស្សានុសិស្សដែលកំពុងជម្លៀសខ្លួនពីតំបន់ងាយរងហានិភ័យក្នុងស្រុកជាំក្សាន្ត ក្នុងគ្រាស្នាក់នៅជាបណ្ដោះអាសន្នក្នុងវត្ត ដេីម្បីបានបន្តការសិក្សាផងដែរ។

លោកអភិបាលស្រុកគូលែនបានលើកឡើងថារាល់ការបរិច្ចាគនូវសម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគព្រមទាំងសម្ភារៈសិក្សាទាំងនោះបានឆ្លុះបញ្ចាំងនិងយល់យ៉ាងច្បាស់អំពី ទុក្ខលំបាកក្នុងគ្រាមានអាសន្ន ក៏បង្ហាញយ៉ាងច្បាស់អំពីការគោរពស្រឡាញ់ក្នុងនាមឈាមជ័រជាខ្មែរជួយខ្មែរ ក្នុងស្មារតីមិនបោះបង់គ្នា។

លោកអភិបាលស្រុកគូលែនបានបញ្ជាក់ថារាប់ចាប់ពីថ្ងៃទី៨មិថុនារហូតដល់ថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៥ គ្រួសារភៀសសឹកមាន ចំនួន១.៩៣៤គ្រួសារស្មើប្រជាជលរដ្ឋ៥.៥៧២នាក់ ស្រី៣.១៦៣នាក់ ចាស់ជរា ៦១នាក់ ស្រី៤៧នាក់ ជនពិកា ៤៤នាក់ ស្រី ២១នាក់កុមារ ២.២៩១នាក់ ស្រី១.១៥៤នាក់និងស្ត្រីមានផ្ទៃពោះ ៧២នាក់ ៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖