ភ្នំពេញ៖ បុរសជាអ្នកបេីកឡំប្រឺតាម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តជនជាតិចិន។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ០៣និង១៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៥ តាមផ្លូវសហព័ន្ធរុស្សុី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភាគីរថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2CA 1868 បេីកបរដោយឈ្មោះ Luo Dongliang ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅ ខុនដូស្ដាសុីធី ខណ្ឌសែនសុខ។
ភាគីឡំប្រឺតា ពាក់ផ្លាកលេខ ព្រៃវែង 1Q 5403 បេីកបរដោយឈ្មោះ ខាន សុឃីន ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ ស្រុកកំណើតភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនឹងកន្លែងកេីតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលកេីតហេតុរថយន្ត បេីកបរទិសដៅពីកេីតទៅលិច ចំណែក ឡំប្រឺតាបេីកបរពីលិចទៅកេីតក្នុង ទិសដៅបញ្ច្រាសទិស ពេលមកដល់កន្លែងកេីតហេតុ បានវ៉ាក់អឺគ្នា ហេីយ រថយន្ត ចាប់ហ្វ្រាំងមិនទាន់ ក៏បានជ្រុលចង្កូតទៅបុកគ្នា បណ្ដាលឲ្យភាគី ឡំប្រឺតា គាបជាប់និងឡំប្រឺតារបស់គាត់ បណ្ដាលឲ្យស្លាប់ តែម្ដង ។
បច្ចុប្បន្នសពរង់ចាំ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក អ្នកបេីកបររថយន្ត រួមទាំងរថយន្តនិងឡំប្រឺតា ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ សុខា សែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច