ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចប្រធានព្រឹទ្ធសភាអនុញ្ញាតឲ្យឯកអគ្គរាជទូតជប៉ុនចូលជួបសម្តែងការគួរសមនិងជម្រាបលា

ចែករំលែក៖

 

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឱ្យ លោក គូម៉ាម៉ារូ យូជិ (YUJI KUMAMARU) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញ សមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលានាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា។

លោក គូម៉ាម៉ារូ យូជិ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភាដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាត ឱ្យលោកចូលជួបសម្តែងការគួរសមនិង ជម្រាបលានាពេលនេះ។

លោកឯកអគ្គរាជទូតបានកត់សម្គាល់ ថា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកទទួលបាន ជោគជ័យក៏ដោយសារមានការគាំទ្រពី សម្តេច ប្រធានព្រឹទ្ធសភារដ្ឋសភា រាជរដ្ឋាភិ បាលនិងគ្រប់ស្ថាប័នជាតិដែលជំរុញឱ្យ ទំនាក់ទំនងរវាងប្រទេសទាំង២កម្ពុជា-ជប៉ុនមានការរីកចម្រើន ជាពិសេសមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់កម្រិតទៅ វិញទៅមកនិងធ្វើឱ្យកម្ពុជាបានក្លាយទៅជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេស ជប៉ុន។

លោកបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ក្នុងរយៈពេល៧ខែនៃឆ្នាំ ២០១៦កន្លងមកនេះទំនាក់ទំនងកម្ពុជា-ជប៉ុនកាន់តែរីកចម្រើននិងកាន់តែសកម្មទាំងវិស័យរដ្ឋនិងវិស័យឯកជនហើយ ប្រជាជន

ជប៉ុនដែលមករស់នៅកម្ពុជានិងអ្នកទេសចរជប៉ុនមានកាន់តែច្រើនឡើង។
ដោយឡែកការហោះហើរត្រង់ជារៀងរាល់ថ្ងៃពីទីក្រុងតូក្យូ មករាជធានីភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ដែលចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមកនេះនឹងកាន់តែជំរុញឱ្យមានការផ្លាស់ប្តូរទំនាក់ទំនងទាំងវិស័យរដ្ឋនិងវិស័យឯកជនមានការកើនឡើងគួរឱ្យកត់សម្គាល់។

នៅក្នុងឱកាសនោះដែរសម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ថាក្នុងអាណត្តិបេសកកម្មរបស់លោកឯកអគ្គរាជទូតនៅកម្ពុជាចាប់ពីឆ្នាំ២០១៣រហូតដល់ឆ្នាំ ២០១៦នេះបានធ្វើឱ្យកិច្ចសហប្រតិបត្តិ ការនិងទំនាក់ទំនងល្អរវាងប្រជាជននិង ប្រទេសទាំង២កាន់តែរីកចម្រើនប្រកបដោយលទ្ធផលល្អប្រសើរ។ ជាពិសេសសម្តេច ប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះសមិទ្ធផលធំៗចំនួន៣ដែលជាស្នាដៃដ៏ល្អប្រសើររបស់លោក ឯកអគ្គរាជទូតនឹងឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីនិមិត្តរូបនៃចំណងមិត្តភាពដ៏ រឹងមាំរវាងកម្ពុជា-ជប៉ុនគឺការដំឡើងកម្រិត ទំនាក់ទំនងកម្ពុជា-ជប៉ុនទៅជាដៃគូយុទ្ធសាស្រ្តតាំងពីខែធ្នូ ឆ្នាំ២០១៣។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ត្សឹបាសានាខែមេសា ឆ្នាំ២០១៥ និងការ ហោះហើរត្រង់ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ កន្លង មកនេះគឺបញ្ជាក់ពីចំណងមិត្តភាពរវាង ប្រទេសទាំង២កាន់តែរឹងមាំ។

សម្តេចបានបញ្ជាក់ថា ទោះបីលោក ឯកអគ្គរាជទូតបញ្ចប់បេសកកម្មការទូតនៅកម្ពុជាទៅបំពេញបេសកកម្មនៅកន្លែងថ្មីក៏ដោយក៏សូមលោកឯកអគ្គរាជទូតបន្ត ជួយជំរុញឱ្យមានកំណើនវិនិយោគពាណិជ្ជកម្មសេដ្ឋកិច្ចនិងអ្នកទេសចរជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ជាពិសេសឱ្យមានការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនទ្វេឡើងទៀត។

សម្តេចក៏បានជម្រាបជូនលោកឯកអគ្គរាជទូតថា កម្ពុជាកំពុងស្ថិតនៅក្នុងដំណើរការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល៣ខែពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦។

ដំណើរការចុះឈ្មោះបោះឆ្នោតបាន ប្រព្រឹត្តទៅដោយរលូន។ មកដល់ពេល នេះទូទាំងប្រទេសមានប្រជាជនទៅចុះឈ្មោះបោះឆ្នោតជាងពីរលានបួនសែន នាក់ក្នុងចំណោមអ្នកត្រូវចុះឈ្មោះចំនួន ជាង៩លាន៦សែននាក់។

ដូច្នេះពេលវេលានៃការចុះឈ្មោះបោះឆ្នោតនៅមានរយៈពេល៧៣ថ្ងៃទៀត សម្តេចសង្ឃឹមថាប្រជាពលរដ្ឋមានពេល វេលាគ្រប់គ្រាន់ទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ដូចជារាជរដ្ឋាភិបាលដែរបានខិតខំធ្វើយ៉ាងណាឱ្យដំណើរការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូននិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវយុត្តិធម៌និងទទួល យកបាន៕ សហការី

 

res-1


ចែករំលែក៖