ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវថ្មើរជើងWalk Street ក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ រាត្រីថ្ងៃសៅរ៍អាទិត្យ

ចែករំលែក៖

ភ្នំពេញ៖ គិតមកដល់ពេលនេះផ្លូវថ្មើរជើង Walk Street  មានអាយុជាង៥ខែមកហើយ ក្រោយដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី០៦ខែកុម្ភៈ ដល់ទី០៦ខែកក្ដដា ២០២៥នេះ ដោយចាប់ផ្តើមពីម៉ោង៦ដល់ម៉ោង១១យប់រៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យនិងកំពុងទទួលប្រជាប្រិយ៍ភាព យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ បរិស្ថាន និងអនាម័យលើផ្លូវថ្មើរជើង Walk Street ជាប្រចាំ។

ផ្លូវថ្មើរជើង Walk Street ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រែក្លាយផ្លូវថ្មើរជើង Walk Street ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីឱ្យមកលេងកំសាន្តដោយចាត់ទុកថា៖ជាពិធីបុណ្យអុំទូកប្រចាំសប្តាហ៍នៅរាជធានីភ្នំពេញទៀតផង។

     ដោយសារផ្លូវថ្មើរជើងនៅភ្នំពេញនេះកាន់តែល្បីល្បាញពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍នោះហើយទើបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីខេត្តកំពង់ធំនាថ្ងៃទី៣កក្ដដា២០២៥នេះដោយលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តទាំងអស់ប្រកួតគ្នាបង្កើនសោភ័ណភាពនៅទីសាធារណៈ ហើយបើក្លាហានប្រជែងជាមួយ«ផ្លូវថ្មើរជើងនៅភ្នំពេញ Walk Street»៕

ដោយ ៖ សំរិត


ចែករំលែក៖