ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនធំក្នុងស្រុកចំនួន២រយៈពេលវែងដើម្បីជួយទ្រទ្រងដល់សកម្មភាពនៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០០២ ដោយមិនអាចគនាតម្លៃទឹកប្រាក់បានភ្លាមៗ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងពិធីចុះ MOU ខាងលើនេះ នៅទីស្នាក់ការNOCC ដោយមានការចូលរួមពីតំណាង ក្រសួងអប់រំយុវជននិងកីឡា តំណាងសហព័ន្ធកីឡាជាតិ និងតំណាងក្រុមហ៊ុនផងដែរ។
លោក អគ្គលេខាធិការ មានប្រសាសន៍ថា ចំពោះពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន ស្រាបៀរកម្ពុជានិងក្រុមហ៊ុន Smart ក្នុងគោលបំណងជួយឧត្តមគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកដំបូង និងបន្តរហូតដល់ឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍លើកទី៤ មុនដល់កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជាទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាថ្នាក់តំបន់នេះ ។ លោកបានបន្តទៀតថា ពិតណាស់កម្មវិធីប្រកួតកីឡាធំមួយអាចដំណើរការទៅបាន ចាំបាច់ណាស់នូវក្រុមហ៊ុនឯកជនជួយឧត្ថម្ភ ហើយក្រុមហ៊ុនក៏ទទួលបានមកវិញនូវ ការផ្សព្វផ្សាយផលិតផលរបស់ខ្លួន តាមរយៈព្រឹត្តិការណ៍កីឡានេះផងដែរ ។
ពាក់ព័ន្ធនិងខ្លឹមសារក្នុងអនុស្សរណៈខាងលើ លោក វ៉ាន់ ចំរើន បានបញ្ជាក់ថា យើងមិនគិតជាទឹកប្រាក់សុទ្ធបានទេ ព្រោះការជួយរបស់បានចែកជា២ដំណាក់កាល ទី១ ជួយលើផ្នែកតុបតែងលម្អនៅកន្លែងកម្មវិធីប្រកួត ទី២ជួយដល់ផ្នែកសម្ភារ ទី៣ជួយជាថវិកាចមណាយផ្សេងៗ ទាំងនេះហើយទើបយើងមិនអាចគនានូវទំហំទឹកប្រាក់សរុបថា តើក្រុមហ៊ុនត្រូវជួយប៉ុន្មាន ព្រឹត្តិការណ៍ប្រកួតកីឡាមួយ ត្រូវចំណាយថវិកាអស់ច្រើនណាស់ ម្យ៉ាងវាគឺរឿងសំង៉ាត់រវាងភាគី NOCC និងក្រុមហ៊ុន។
ចំពោះកាលបរិច្ឆ័យនៃកម្មវិធីបើកការប្រកួតកីឡាជាតិ (National Games)ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៦ និងធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិ គ្រោងអញ្ជើញសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិធីបិទការប្រកួតគ្រោងអញ្ជើញឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអចិន្ត្រៃយរៀបចំការប្រកួតកីឡាជាតិនាយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
កម្មវិធីនេះ គ្រោងឲ្យមនុស្សចូលទស្សនា ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពី៥ម៉ឺននាក់ ទៅ៦ម៉ឺននាក់ អមដោយកម្មវិធីសម្តែងយ៉ាងសម្បូរណ៍បែប ដូចជាការសម្តែងក្បាច់ល្បុក្កតោ ពីសំណាក់កងទ័ព ការសម្តែងរបស់ក្រុមគរុសិស្ស ពីសាលាកីឡា ការសម្តែងរបស់ក្រុមសិល្បៈនៃក្រសួងវប្បធម៌ ផែនសិល្បៈនេះបែកចែកជា២ដំនាក់កាលធំៗ ក្នុងមួយផែនៗ អាចមានមនុស្សប្រហែលជា៣០០នាក់ ក្បូនហែទង់ជាតិដោយក្រុមកងទ័ពក្នុងសម្លៀកបំពាកពណ៌ស ក្បូនហែទង់កីឡាជាតិ ដោយក្រុមកីឡាករកីឡាការិនីល្បីៗ និងក្បូនហែទង់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយព្រឹទ្ធាកីឡាដែលធ្លាប់មានស្នាដៃផងដែរ ។
លោក Peter Leang ដែលជាតំណាងស្រាបៀរកម្ពុជាបានបញ្ជាក់ថា លោកតែងតែជួយដល់សកម្មភាពប្រកួត កីឡាជារៀងរហូតមក ។ សម្រាប់ព្រឹត្តិការណ៍កីឡាជាតិនេះទៀត គឺជាព្រឹត្តិការណ៍ ហើយលោកជាក្រុមហ៊ុនមួយតំ ណាងឲ្យជាតិ និងមានយីហោរជាតិផងនោះលោកត្រូវតែចូលរួមឧបត្ថម្ភដោយខានមិនបាន ។
លោក Thomas Hundtដែលជាតំណាងក្រុមហ៊ុន Smart នោះក៏បានអះអាងដែរថាក្រុមហ៊ុនរបស់លោក ចូលរួមឧបត្ថម្ភដល់ការប្រកួតធំៗជាច្រើនឆ្នាំមកហើយៗពេលនេះលោកត្រូវតែចូលរួមឧបត្ថម្ភព្រឹត្តិការណ៍កីឡាជាតិ ក្នុងខណៈជាដៃគូធំមួយ ។
លោកវ៉ាត់ ចំរើនបានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិនេះ បើគ្មានការចូលរួមឧបត្ថម្ភពីដៃគូឯកជនទេ នោះយើងនឹងមានការលំបាកយើងនឹងលំបាកក្នុងការរៀបចំហើយ ។ លោកបន្តថាការឧបត្ថម្ភរបស់ក្រុមហ៊ុនទាំង ២នេះសម្រាប់ប្រើប្រាស់លើការរៀបចំ ជួយជាសម្ភារៈ និង ជួយជាថវិការខ្លះៗ ។
លោកអ៊ុក សិទ្ធិជាតិ បានបញ្ជាក់ដែរថា ចំពោះប្រាក់រង្វាន់មេដាយសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិគឺ អនុវត្តន៍តាមសេចក្ដីប្រកាសអន្តរក្រសួង ៕ សារីម