ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានឆក់យកជីវិតបុរសជាឪពុកម្នាក់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ០៧និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែ កក្កដា ២០២៤។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០-២១ ភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្ដាលឲ្យកូនប្រុសដែលរួមដំណើររងរបួសស្រាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ ទូច ថន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរជាកម្មករសំណង់ បើកបរម៉ូតូ HONDA BEAT C110 ដោយរួមដំណើរកូនប្រុសឈ្មោះ ថន ចាន់ណា អាយុ ២១ឆ្នាំ រងរបួសស្រាល។
លោកអធិការបានបន្តថា ហេតុការណ៍បានចាប់ផ្ដើមដោយម៉ូតូ ១គ្រឿងទៀតមិនស្គាល់អត្តសញ្ញាណ បានបើកបញ្ច្រាសផ្លូវ ហើយប៉ះដៃចង្កូតជាមួយម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យម៉ូតូជនរងគ្រោះដួល។ ស្របពេលនោះ រថយន្ត HYUNDAI ប្រភេទក្បាលសណ្ដោងដឹកទំនិញធុនធំ ដែលបើកបរមកពីទិសស្របគ្នា បានកិនជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង។ អ្នកបើកបរម៉ូតូបង្ក និងអ្នកបើកបររថយន្តធំ បានរត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។
តាមសេចក្ដីសន្និដ្ឋានបឋម ករណីនេះបណ្ដាល មកពីអ្នកបើកបរម៉ូតូបើកបញ្ច្រាសផ្លូវ ខ្វះការប្រុងប្រយ័ត្ន។ ចំណែកអ្នកបើកបររថយន្តធំក៏មានកំហុសដោយបើកគេចខ្លួន មិនទទួលខុសត្រូវ។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ មធ្យោបាយពាក់ព័ន្ធត្រូវបានវាស់វែង និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ សូរិយា