ភ្នំពេញ : ប្រជាពលរដ្ឋជាអ្នកដំណើរក៏ដូចជាអ្នករស់នៅ អមសងខាងផ្លូវកៅស៊ូ មួយខ្សែនៅខាងជើងរង្វង់មូលទួលគោក និងផ្លូវនៅខាងលិចក្បែរ និងរង្វង់មូលទួលគោកដែរ បានខូចក្រហេងក្រហូង ដូចរន្ធបាយខ្ញុំហើយ ដោយកន្លែងខ្លះត្រូវបានចាក់បំពេញដោយកំទេចថ្ម និងកន្លែងខ្លះត្រូវម្ចាស់ផ្ទះនៅក្បែរនោះ ចាក់បំពេញដោយសីុម៉ងត៍ ហើយប្រជាពលរដ្ឋសំុណូមពរឲ្យអាជ្ញាធរខណ្ឌទួលគោក និងមន្ទីរសារធារណការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ទៅជាថ្លុកក្របី ។
ទីតាំងផ្លូវនេះ ស្ថិតនៅផ្លូវលេខ២៨៩ខាងជើងរង្វង់មូលទួលគោក និងផ្លូវលេខ៦០៨ខាងលិចក្បែរនិងរង្វង់មូលទួលគោក ស្ថិតនៅក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវទាំង២នេះចាប់ខូចជាយូរមកហើយ ដោយកាលពីមុនមានក្រឡុកតូចទេ ឥឡូវនេះក្រឡុកចាប់រីកបន្តិចម្តងៗបើកមិនមានការជួសជុលនោះទេផ្លូវនេះនឹងខូចកាន់តែខ្លាំងទៅៗហើយ ចំពោះផ្លូវខូចនេះដែរគឺមានតែប្រជាពលរដ្ឋយកកំទេចថ្ម និងចាក់សីុម៉ង់បំពេញនៅកន្លែងខ្លះ ដើម្បីកុំឲ្យពិបាកក្នុងការធ្វើដំណើរ។
លើសពីនេះទៀតមន្រ្តីជំនាញខណ្ឌរឺមន្ទីរសាធារណ: មិនធ្លាប់យកចិត្តដាក់ចុះមកត្រួតពិនិត្យរឿងនេះឡើយ គឺទុកឲ្យផ្លូវខូចក្លាយជាជង្ហុក ក្រហេង ក្រហូង ធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ពិបាកខ្លាំងណាស់។ ដូច្នេះប្រជាពលរដ្ឋ សំណូមពរដល់សាលារាជធានីភ្នំពេញជាពិសេសសាលាខណ្ឌទួលគោក និងមន្ទីរសាធារណៈការមេត្តាចុះទៅ ពិនិត្យមើល និងធ្វើ ការជួសជុលផ្លូវនេះឡើងវិញផងកុំទុកឲ្យផ្លូវមួយខ្សែនេះខូចធ្ងន់ធ្ងរទៅជាថ្លុកក្របី៕ ជ្រោយពេជ្រ