ខេត្តពោធិ៍សាត់ ៖ មន្ត្រីជំនាញរដ្ឋបាលជលផលបាន នាល្ងាចថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះថា កម្លាំងសហការរួមមាន មន្ត្រីរដ្ឋបាលជលផល យោធាជើងគោក សឹករងខេត្ត អាវុធហត្ថស្រុកក្រគរ ចេញល្បាតត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(ជលផល)នារដូវបិទនេសាទ លទ្ធផល បង្ក្រាបរថយន្ត១គ្រឿង មានផ្ទុកផលនេសាទ(ខ្ចៅ)ចំនួន១៥០ការ៉ុង ដោយគ្មានលិខិតអនុញាត ដើម្បីយកទៅអនុវត្តច្បាប់។
មន្ត្រីរដ្ឋបាលជលផលដដែលឲ្យដឹងទៀតថា ករណីសមត្ថកិច្ចសហការបង្រ្កាបរថយន្តដឹកធន់ធានជលផលខាងលើ ធ្វើឡើងស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
មន្ត្រីរដ្ឋបាលជលផលឲ្យដឹងទៀតថា ខ្ចៅចំនួន១៥០ការ៉ុង សមត្ថកិច្ចយើងបានមូលមតិគ្នា សម្រេចដឹកយកទៅចាក់ចូលទឹកបឹងទន្លេសាបវិញ ចំណែកវត្ថុតាង រថយន្ត១គ្រឿងម៉ាក នីសាន់ ចង្កូតស្ដាំ ពាក់ស្លាកលេខ កំពង់ឆ្នាំង KCHH-0153 ពណ៏ខៀវ បច្ចុប្បន្ន រក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែករដ្ឋបាលជលផលក្រគរ ដើម្បីរងចាំបន្តនីតិវិធី ចំពោះជនប្រព្រិត្តពាក់ព័ន្ធ សមត្ថកិច្ចពុំបានបញ្ជាក់ចាប់បានរឺមិនបាននោះទេ ៕

ដោយ៖ ប៉ឹម ពិន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច