ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន បន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត សរុបចំនួន២នាក់ ក្នុងចំណោម៣នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ២ករណីកន្លែងផ្សេងគ្នា នៅស្រុកកំពង់រោទិ៍។
យោងតាម លោកហែមសាមុត អធិការនគរបាលស្រុកកំពង់រោទិ៍បានអោយដឹងនាព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥នេះថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះសុខ ចំរើន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មានទីលំនៅភូមិព្រៃប្រឺស ឃុំស្វាយតាយាន ស្រុកកំពង់រាទិ៍ ខេត្តស្វាយរៀង យកមកសាកសួរ។
លោកអធិការបន្ថែមថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង៥៥នាទីល្ងាច សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន ស្រាវជ្រាវនិងបន្តឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យ០១ទៀត គឺឈ្មោះសុខ ចំរើន យកមកសាកសួរ។
នៅចំពោះមុខសត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួន ឈ្មោះនីត និងឈ្មោះ ម៉ូវ ចាន់រ៉ា ពិតជាបានជិះម៉ូតូ ០១គ្រឿង ម៉ាកសង់ សេរីឆ្នាំ ២០២៣ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួល រួចឆក់យកកាបូប និងបានប្លន់យកម៉ូតូ០១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានស្លាកលេខ ពិតប្រាកដមែន។
បច្ចុប្បន្នប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនចំនួន២នាក់ហើយ និងកំពុងស្រាវជ្រាស្វែងរកជនសង្ស័យម្នាក់ទៀតជាស្រី ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច