ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ប្រធានាធិបតី ឌុយទែរតេ ៖ ប្រទេសហ្វុីលីពីនត្រូវការអាមេរិកនៅសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

កាលពីថ្ងៃទី២១ ខែកញ្ញា ប្រធានាធិបតី ហ្វុីលីពីនលោក Rodrigo Duterte បាន ប្រកាសថា លោកមិនបានស្វែងរកការដកខ្លួនទាហានអាមេរិកចេញពីហ្វុីលីពីនឬ បណ្តេញទាហានអាមេរិកចេញពីនេះឡើយ។ ទីក្រុងម៉ានីលត្រូវការវត្តមានរបស់អាមេរិក ដើម្បីការពារប្រទេសជាតិប្រឆាំងនឹងការឈ្លានពាននៅដែនសមុទ្រចិនភាគខាង ត្បូង។

មានប្រសាសន៍ទៅកាន់កងពលលេខ ១០នៅ Mawab លោក Rodrigo Duterte បានបញ្ជាក់ថា «ខ្ញុំមិនដែលនិយាយថា ទាហានអាមេរិកត្រូវតែចាកចេញពីហ្វីលី ពីនលើសពីនេះយើងត្រូវការអាមេរិកនៅសមុទ្រចិនភាគខាងត្បូង»។

កាលពីថ្ងៃទី១២ ខែកញ្ញា លោក Rodrigo Duterte បានបញ្ជាក់ថា លោកចង់ឲ្យទាហានអាមេរិកចាកចេញពីតំបន់ Minadanao ដោយខា្លចត្រូវក្រុមឧទ្ទាមចាប់ជំរិត។ ក្រោយមកប៉ុន្មានថ្ងៃលោក Rodrigo Duterte បានបញ្ជាក់ថា លោកចង់ឲ្យទាហានអាមេរិកចាក់ចេញពីតំបន់ Mindanao ដើម្បី ទុកឲ្យរដ្ឋាភិបាលរបស់លោកមានពេលវេលា ពិភាក្សាជាមួយក្រុមឧទ្ទាមម៉ូរ៉ូ។ លោកបន្ត ទៀតថា លោកគ្មានសកម្មភាពប្រឆាំងអាមេរិកនោះឡើយ។

ប្រធានាធិបតី ឌុយទែរតេ បានបញ្ជាក់ ដែរថា រដ្ឋាភិបាលរបស់លោកមិនទាន់ត្រៀម លក្ខណៈសម្រាប់ធ្វើសង្គ្រាមនៅឡើយដោយ សារតែហ្វុីលីពីនមិនទាន់មានសម្ភារយោធា គ្រាប់គ្រាន់សម្រាប់ប្រឈមជាមួយចិន។ លោកបានបញ្ជាក់បន្តថា «យើងគ្មានអាវុធ ហើយយើងក៏មិនទាន់ត្រៀមលក្ខណៈឈាន ដល់សង្គ្រាមជាមួយចិននោះដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់នាពេលនេះគឺខ្ញុំប្រឆាំងនឹងសង្គ្រាមដែលអាចបង្កឲ្យមានសោកនាដ កម្មកើតឡើង»។

លោក ឌុយទែរតេ បានត្អូនត្អែថា នៅពេលដែលកម្លាំងទាហានបានទិញយន្តហោះចម្បាំងក្នុងសម័យរដ្ឋាភិបាលមុន លោកមិនយល់ហេតុអ្វីបានជាយន្តហោះទាំងនោះគ្មានមីស៊ីលគ្រប់គ្រាន់សម្រាប់ វាយប្រហារ?

សារព័ត៌មាន Philstar កាលពីថ្ងៃទី២១ ខែកញ្ញា បានលើកឡើងពីទស្សនៈរបស់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោក Julie Bishop បានដាក់សំណួរទៅប្រធានាធិបតីហ្វុីលីពីនថា ហេតុអ្វីបានជាលោកមិនអនុវត្ត សេចក្តីសម្រេចរបស់តុលាការតាមរយៈការ យាមល្បាតនៅតំបន់សមុទ្រដែលហ្វុីលីពីន បានឈ្នះក្តីនៅតុលាការអាជ្ញាកណ្តាល?

កន្លងមកប្រធានាធិបតីហ្វុីលីពីនបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលមានកិច្ចប្រជុំកំពូលអាស៊ានលោកបានជេរប្រធានាធបិតីអាមេរិក ហើយថែមទាំងបានប្រកាស ទាមទារឱ្យកងកម្លាំងទ័ពពិសេសអាមេរិកចាកចេញពីទឹកដីភាគខាងត្បូងហ្វុីលីពីន។ បើតាមប្រមុខរដ្ឋម្នាក់នេះខ្លាចវត្តមានកង ទ័ពអាមេរិកបង្កការស្មុគស្មាញខ្លាំងដល់យុទ្ធ នាការបោសសម្អាតពួកបះបោរអ៊ិស្លាមជ្រុល និយមចង់ផ្តាច់ទឹកដី។

កាលពីសប្តាហ៍មុនប្រធានាធិបតីហ្វុីលីពីនបានបង្កការភ្ញាក់ផ្អើលដោយបានធ្វើ ទំនាក់ទំនងការទូតហ្វុីលីពីន-សហរដ្ឋអាមេរិកតាមរយៈសម្តីជេរដ៏គ្រោតតគ្រាតដាក់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ នៅថ្ងៃចន្ទនេះលោក ឌុយទែរតេ បានចេញ មុខពន្យល់ជាសាធារណៈចង់ឃើញកម្លាំងកងទ័ពពិសេសអាមេរិកដែលកំពុងបង្វឹក បង្ហាត់ទាហានហ្វុីលីពីននៅភាគខាងត្បូងប្រទេសថា ជាទិសដៅនៃការវាយប្រហារ របស់ពួកឧទ្ទាមអ៊ិស្លាមជ្រុលនិយមចង់ផ្តាច់ ទឹកដីអាប៊ូសាយ៉ាស។

ហេតុដូច្នេះហើយបានជាក្រុងម៉ានីលត្រូវការឃើញកងកម្លាំងពិសេសអាមេរិកនេះចាកចេញទឹកដីហ្វុីលីពីន។ លោក ឌុយ ទែរតេ បានប្រកាសថាមិនចង់មានជម្លោះជាមួយអាមេរិកទេ តែកងទ័ពអាមេរិកនោះត្រូវត្រលប់ទៅស្រុកវិញ ព្រោះពួកវា (ពួកភេរវជនអ៊ិស្លាមជ្រុលនិយមអាប៊ូសាយ៉ាស បានជ្រើសរើសទាហានអាមេរិកនោះជាផ្ទាំង ស៊ីបចង់តាមសម្លាប់ ឬចាប់ជំរិតដើម្បីទារប្រាក់ជាថ្នូរ។

កងកម្លាំងពិសេសអាមេរិកបានទៅឈរ ជើងនៅភាគខាងត្បូងកោះហ្វុីលីពីនតាំងពីឆ្នាំ២០០២មក ប៉ុន្តែកម្មវិធីនេះត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០១៥ ដោយមានរក្សាទុក នូវកងពលតូចមួយសម្រាប់ផ្តល់វគ្គបំពាក់បំប៉នបច្ចេកទេសនិងភស្តុភារ។

ខុសពីប្រធានាធិបតីមុនដែលពឹងពាក់និងបង្ហាញភាពស្អិតល្មួតជាមួយវ៉ាស៊ីនតោន លោក ឌុយទែរតេ តែងតែចោទប្រកាន់អតីត ម្ចាស់អាណានិគមអាមេរិកមួយនេះថា មាន ពុតត្បុតច្រើន ជាពិសេសនៅពេលអាមេរិករិះគន់នយោបាយប្រយុទ្ធប្រឆាំងនឹងការ ជួញដូរគ្រឿងញៀនរបស់ហ្វុីលីពីន។ ក្រោយ ពីបានជេរលោក អូបាម៉ា នៅក្នុងជំនួបអា ស៊ាន សេចក្តីប្រកាសរបស់ប្រធានាធិបតីហ្វុីលីពីនថ្ងៃនេះឆ្លុះឱ្យឃើញអំពីទស្សនវិស័យ ថ្មីរបស់ហ្វុីលីពីនចំពោះទំនាក់ទំនងជាមួយអាមេរិកដែលធ្លាប់តែតាំងខ្លួនជាសម្ពន្ធមិត្តដ៏ជិតដិតបំផុតមួយរបស់វ៉ាស៊ីនតោននៅក្នុង តំបន់។

វត្តមានរបស់អាមេរិកនៅក្នុងទឹកដីហ្វុីលីពីនគឺជារឿងសំខាន់បំផុត ហេតុអ្វីបានជាហ្វុីលីពីនត្រូវបណ្តេញចេញ? ទាំងនោះ គឺជាការយល់ច្រឡំដោយហ្វុីលីពីនខ្លាច ទាហានអាមេរិកត្រូវប្រឈមជាមួយក្រុមភេរវកម្មធ្វើឲ្យថយកម្លាំងក្នុងការទប់ទល់នៅសមុទ្រចិនភាគខាងត្បូងក្នុងពេលដែល ចិននិងរុស្ស៊ីកំពុងតែធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ។

កន្លងមកចិននិងរុស្ស៊ីបានធ្វើសមយុទ្ធ ដែលគេឲ្យឈ្មោះថា “Joint Sea-2016” គឺជាសមយុទ្ធទ្រង់ទ្រាយបំផុតដែលមិនធ្លាប់ មានរវាងចិននឹងរុស្ស៊ីមានការចូលរួមពី សំណាក់នាវាចម្បាំង នាវាមុជទឹក ព្រមទ ាំងយន្តហោះចម្បាំងជាច្រើនគ្រឿង ហើយ នៅក្នុងសមយុទ្ធនេះកងទ័ពចិន និងរុស្ស៊ី នឹងធ្វើការហាត់សមអំពីការធ្វើប្រតិបត្តិការទ័ពរួមគ្នា ទាក់ទងនឹងប្រតិបត្តិការសង្រ្គោះ ការការពារទល់នឹងការវាយប្រហារពីសត្រូវ ប្រតិបត្តិការប្រមាញ់នាវាមុជទឹកសត្រូវ ប្រតិបត្តិការវាយលុកដណ្តើមកាន់កាប់កោះ ព្រមទាំងប្រតិបត្តិការយោធាជាច្រើនផ្សេងទៀត។

គួរបញ្ជាក់ថា គម្រោងធ្វើសមយុទ្ធរួមគ្នា នេះត្រូវបានប្រកាសឲ្យដឹងតាំងពីខែកក្កដាកន្លងទៅ ដោយនៅពេលនោះរដ្ឋាភិបាលក្រុងប៉េកាំងបានអះអាងថា សមយុទ្ធនេះ រៀបចំធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងយោ ធារវាងចិននឹងរុស្ស៊ី ហើយមិនមានគោលដៅប្រឆាំងនឹងប្រទេសណាមួយនោះទេ។

ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាសមយុទ្ធដែលធ្វើឡើងនៅក្នុងសមុទ្រចិនខាងត្បូង ក្នុងបរិបទនៃជម្លោះដ៏តានតឹងបែបនេះចង់ឬមិនចង់ប្រាកដជានឹងធ្វើឲ្យគេសម្លឹងឃើញ ថា គឺជាការបង្ហាញសាច់ដុំដាក់ប្រទេសដែល ជម្លោះជាមួយ ហើយម្យ៉ាងទៀតការណ៍ដែល ចិនចាប់ដៃជាមួយរុស្ស៊ីនៅក្នុងការធ្វើសមយុទ្ធនេះទំនងជាដើម្បីឆ្លើយតបទៅនឹង សហរដ្ឋអាមេរិកដែលកំពុងតែព្យាយាម ចងសម្ពន្ធភាពជាមួយប្រទេសក្នុងតំបន់ ដើម្បីមកប្រជែងជាមួយចិន៕ ម៉ែវ សាធី

 

duterte-940x580 drug-suspect

 


ចែករំលែក៖