ខេត្តកណ្តាល ៖ ក្រុមចោរវ័យក្មេងទំនេរបបួលណាត់គ្នាចេញប្លន់គេ ដោយជិះម៉ូតូ២គ្រឿង ដេញធាក់ និងកាប់ប្លន់យកម៉ូតូពីគេមិនសម្រេច ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ។
ករណីប្លន់នេះ កើតឡើងនៅវេលាម៉ោង០២និង៣០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឃី ណារ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និស្សិត បច្ចុប្បន្នរស់នៅភូមិ អំពៅព្រៃទី២ ឃុំ អំពៅព្រៃ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យចំនួន ០៤ នាក់មាន÷
១.ឈ្មោះ បូ ចាន់ធី ហៅ ស៊ុប ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ ត្រស់ ឃុំ ទ្រា ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)។
២.ឈ្មោះ សុខ សំនៀង ហៅ នាង ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ ត្រស់ ឃុំ ទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)។
៣.ឈ្មោះ ខុន សុខដារ៉ារិទ្ធិ ហៅ កុយ ភេទ ប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិ ព្រែករកា ឃុំ ព្រែករកា ស្រុក កណ្តាលស្ទឹង មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)។
៤.ឈ្មោះ ស៊ឹម សុវណ្ណារ៉ា ហៅ ខួច ភេទ ប្រុស អាយុ ២៥ឆ្នាំរស់នៅភូមិ កោះខ្នុរ ឃុំ ព្រែករកា ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ០២គ្រឿង៖ ម៉ាក Honda C125 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៩ ឡើងតែមឆ្នាំ ២០២០ មានផ្លាកលេខ ភ្នំពេញ 1IC-8001និងម៉ាក Honda C125 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១២ ឡើងតែមឆ្នាំ ២០១៣ មានផ្លាកលេខ កណ្តាល1E-4469,កាំបិត កញ្ចែត០១ ដងដែកផ្លែដែកមានប្រវែង៣០សង់ទីម៉ែត្រ,កាំបិតប៉័ងតោ១ដងឈើផ្លែដែកប្រវែង៣០ សង់ទីម៉ែត្រ,ទូរស័ព្ទ២ គ្រឿងម៉ាក Infinix smart 9 ពណ៌ទឹកសណ្តែកនិងម៉ាក Vivo ពណ៌ទឹកប៊ិច(បែកកញ្ចក់មុខ)។
ប្រភពបន្តថា នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១៨:៣០ នាទី ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក Honda Scoopy i ពណ៌ខ្មៅ ស៊េរីឆ្នាំ 2024 ពាក់ផ្លាកលេខ ភ្នំពេញ1JY-7470 ចេញពី ផ្ទះទៅបុណ្យមិត្តភក្កិនៅម្ដុំចាក់អង្រែក្រោម រាជធានីភ្នំពេញហេីយបានសម្រាកនៅផ្ទះបុណ្យតែម្ដងរហូតដល់ម៉ោង ២ថ្ងៃទី ១៤ ខែឆ្នាំដដែលជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះបុណ្យត្រឡប់មកផ្ទះវិញដោយជិះតែម្នាក់ឯង តាមផ្លូវ ៦០ម៉ែត្ររួចបត់តាមផ្លូវជាតិលេខ ២ រង្វង់មូលគួរស្រូវមកទិសខាងត្បូងត្រង់រហូតជិះដល់មុខរោងចក្របឹងឈូកស្ថិតក្នុងភូមិ ព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង។
ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យជិះម៉ូតូ២ គ្រឿងមានគ្នា ០៤ នាក់ ដោយជិះម៉ូតូ១គ្រឿងជិះគ្នា២ នាក់ តាមពីក្រោយម៉ូតូរបស់ខ្លួន។ ពេលជិះហួសរោងចក្របឹងឈូកបន្តិចក៏មានម៉ូតូ១គ្រឿងរបស់ជនសង្ស័យខាងលេីម៉ាកHonda dream C125 ពណ៌ខ្មៅ ជិះមកជិតជនរងគ្រោះ។ ភ្លាមនោះជនសង្ស័យម្នាក់បានដកកាំបិតកាប់ជនរងគ្រោះចំខ្នងខាងក្រោយមួយកាំបិត ហេីយជនសង្ស័យម្នាក់ទៀតបានធាក់ម៉ូតូរបស់ជនរងគ្រោះតែមិនបណ្ដាលឲ្យម៉ូតូរបស់ជនរងគ្រោះដួលនោះទេ ហើយជនសង្ស័យដែលធាក់ម៉ូតូជនរងគ្រោះនោះមានសក់វែងបាំងមុខ មិនមានពាក់មួកសុវត្ថិភាពសម្បុរខ្មៅនិងពាក់អាវក្រណាត់ពណ៌ខ្មៅដៃវែងផ្កាពណ៌លឿង។
បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូបកត្រឡប់មកផ្សារសៀមរាបវិញ ហើយជនសង្ស័យទាំងបួននាក់ខាងលើក៏មិនបានជិះម៉ូតូដេញជនរងគ្រោះដែរ រួចជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប។
ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានឃេីញជនសង្ស័យ ០៣ នាក់កំពុងជិះគេចខ្លួនហេីយបានឃាត់ជនសង្ស័យ ០៣ នាក់ខាងលេី បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរ។ ដោយឡែកជនសង្ស័យឈ្មោះ សុឹម សុវណ្ណារ៉ា រត់គេចខ្លួន។ ក្រោយការសាកសួរកម្លាំងជំនាញស្រុកកណ្ដាលស្ទឹងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែករការ បានឃាត់ខ្លួនជន សង្ស័យម្នាក់ទៀតឈ្មោះ សុឹម សុវណ្ណារ៉ា ហៅ ខួច បានសារភាពថា ខ្លួន និងបក្សពួកពិតជាបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែនតែមិន បានសម្រេច នៅថ្ងៃទី ១៤ខែកក្កដាឆ្នាំ ២០២៥ វេលាម៉ោង០២ជិតភ្លឺ។ ជនសង្ស័យឈ្មោះសុឹម សុវណ្ណារ៉ានិងជនសង្ស័យឈ្មោះ សុខ សំនៀង បានទូរស័ព្ទណាត់គ្នាថានឹងចេញកាប់ប្លន់ម៉ូតូរបស់គេ។
បន្ទាប់មកជនសង្ស័យ ទាំង៤នាក់បានជិះម៉ូតូ២គ្រឿងមកឈប់ចាំនៅផ្លូវកែងអក្សរតេ ស្ថិតក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ស្របពេលនោះក៏ឃើញមានម៉ូតូជនរងគ្រោះជិះមក ហើយជនសង្ស័យទាំងបួននាក់ក៏ជិះម៉ូតូតាមពីក្រោយ។ ពេលជិះមកដល់ផ្លូវបត់ចូលភូមិព្រែកអង្គុញ ឃុំសៀមរាប ជនសង្ស័យឈ្មោះសុឹម សុវណ្ណារ៉ា បានបិទភ្លើងម៉ូតូនិងជិះទៅក្បែរម៉ូតូរបស់ជនរងគ្រោះ រួចធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់មកលើជនរងគ្រោះមួយកាំបិតចំខ្នងខាងក្រោយនិងជនសង្ស័យឈ្មោះសុខសំនៀង បានធាក់ម៉ូតូរបស់ជនរងគ្រោះមួយជើងតែមិនបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូនោះទេ។ ចំណែកជនសង្ស័យពីរនាក់ទៀតជិះម៉ូតូចាំបិទគូទពីក្រោយ រួចក៏ជិះរត់គេចខ្លួនហើយក៏ត្រូវសមត្ថកិច្ចឃាត់បាន។
បច្ចុប្បន្នជនសង្ស័យទាំងបួននាក់រួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕









ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច