ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតអាមេរិកនឹងរៀបចំសិក្ខាសាលា “TechCamp H2.0) សំរាប់យុវជនមកពី​ប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt នឹងថ្លែងសុន្ទរកថាបើកនៅក្នុងសិក្ខាសាលាមានចំណងជើងថា “TechCamp Cambodia H2.០៖ ទ្រទ្រង់ផ្លូវទឹកល្អនៅតំបន់មេគង្គក្រោម” នៅថ្ងៃសៅរ៍ ទី ២៤ ខែកញ្ញាឆ្នាំ ២០១៦ វេលាម៉ោង ៩ ព្រឹកនៅRaintree Cambodia (អាគារលេខ ២៩៩ ផ្លូវព្រះអង្គដួងខ័ណ្ឌដូនពេញសង្កាត់វត្តភ្នំ)។

លោកអ៊ាង សុផាល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានគំរោងនឹងថ្លែងសុន្ទរកថានៅក្នុងឱកាសនោះ។
TechCampគឺជាសិក្ខាសាលាស្តីពីបច្ចេកទេសមានរយៈពេល ២ ថ្ងៃដែលមានការចូលរួមនៃអ្នកឯកទេសផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសនិងមកពីក្រៅប្រទេសដើម្បីបង្រៀនសមាជិកចំនួន ៥០ នាក់នៃគំរោងស្តីពីគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) របស់លោកប្រធានាធិបតី Obama ដែលមកពីប្រទេសកម្ពុជាភូមាឡាវថៃនិងវៀតណាម ក្នុងការប្រើប្រាស់បច្ចេកវិទ្យាចាំបាច់សំរាប់ដោះស្រាយបញ្ហាប្រឈមផ្នែកទឹក នៅក្នុងតំបន់មេគង្គក្រោម។ គោលបំណងទី ២ នៃសិក្ខាសាលានេះគឺដើម្បីជំរុញការសិក្សានិងអាជីពផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យា (STEM) ។ អ្នកសារព័ត៌មានអាចចូលរួមយកព័ត៌មានក្នុងពិធីនេះ។

TechCamp ដែលជាគំនិតផ្តួចផ្តើមនៃការិយាល័យកិច្ចការទូតតាមអ៊ិនធ័រណែតរបស់ការិយាល័យគ្រប់គ្រងធនធាន
ព័ត៌មាន និងការិយាល័យព័ត៌មានអន្តរជាតិ (IPP)របស់សហរដ្ឋអាមេរិកធ្វើអោយមានការចូលរួមធ្វើការងារនិងការផ្តល់អំណាចអោយអ្នកចូលរួមជាគោលដៅ តាមរយៈការបណ្តុះបណ្តាលពួកគេលើវិធីប្រើមធ្យោបាយបច្ចកវិទ្យាដែលចំណាយអស់សោហ៊ុយតិច ងាយយកទៅអនុវត្តនិងមានប្រសិទ្ធភាពខ្ពស់។ កន្លងមកTechCampចំនួន ៤០ ត្រូវបានធ្វើនៅទូទាំងសាកលលោកដោយក្នុងនោះTechCampចំនួនពីរត្រូវបានធ្វើកន្លងមកនៅកម្ពុជា (មួយស្តីពី “ការកសាងសមត្ថភាពនិងការផ្តល់អំណាចដល់យុវជន” ដែលត្រូវបានធ្វើនៅខែមិនាឆ្នាំ ២០១៣ និងមួយទៀតស្តីពី “ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍” ដែលត្រូវបានធ្វើនៅខែកញ្ញាឆ្នាំ ២០១៣)។ បន្ទាប់ពីសិក្ខាសាលានេះការចូលរួមជាបន្តនឹងមានតាមរយៈបណ្តាញដែលត្រូវបានបង្កើតឡើងការទាក់ទងគ្នាតាមអ៊ិនធ័រណែតនិងគំរោងសាកល្បងដែលនឹងត្រូវទ្រទ្រង់ដោយថវិកាសំរាប់ចាប់ផ្តើមគំរោង (Seed grant)។ មជ្ឈមណ្ឌលខេមរសិក្សា (CKS) គឺជាដៃគូផ្លូវការក្នុងការរៀបចំTechCamp H2.0 នេះដោយធ្វើការជាមួយបុគ្គលិកកម្មវិធី IPP និងស្ថានទូតអាមេរិកដើម្បីរៀបចំនិងដំណើរការសិក្ខាសាលានេះ។

អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីបើកនៃសិក្ខាសាលានេះគួរទាក់ទងតាមអ៊ីមែល ChreaV@state.govអោយបានមុនថ្ងៃត្រង់នៃថ្ងៃសុក្រទី ២៣ ខែកញ្ញាឆ្នាំ ២០១៦។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក៕


ចែករំលែក៖