ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបទីតាំងឧក្រិដ្ឋកម្មអនឡាញនៅកាស៉ីណូជិតច្រកត្រពាំងប្លុង ចាប់ខ្លួនមនុស្ស៤៤៥នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងប្លុងទី១ ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជិតច្រកទ្វារអន្តរជាតិត្រពាំងប្លុង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបនៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ 

តាមរបាយការណ៍របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ៖ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំដែរ។ 

ជាលទ្ធផល រកឃើញបុគ្គលិកសរុបចំនួន៤៤៨នាក់ ស្រី១៤៤នាក់ ក្នុងនោះមានជនជាតិវៀតណាមសរុប៣៥០នាក់ ស្រី១០៤នាក់ និងជនជាតិខ្មែរសរុប៩៨នាក់ ស្រី៤០នាក់ ព្រមទាំងសម្ភារបម្រើបទល្មើសឆបោកតាមអនឡាញ Online Scam។ 

ជាចំណាត់ការ បុគ្គលិកជាជនជាតិវៀតណាមនិងជនជាតិខ្មែរត្រូវបានឃាត់ខ្លួនដោយកម្លាំងចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា បានធ្វើការសាកសួរ និងបន្តឃាត់ខ្លួនទុកនៅនឹងទីតាំងខាងលើតែម្តង ដោយសារបុគ្គលិកមានចំនួនច្រើន និងមានដាក់កម្លាំងចម្រុះដើម្បីការពារនៅជុំវិញទីតាំង។ 

លុះព្រឹកឡើងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដឹកនាំសម្របសម្រួលកម្លាំងចម្រុះស្នងការដ្ឋាននគរបាល និងកងរាជអាវុធហត្ថខេត្ត បានបន្តអនុវត្តតាមនីតិវិធី រួមមានការសួរនាំ និងពិនិត្យសារធាតុញៀនលើជនជាតិវៀតណាម និងជនជាតិខ្មែរទាំងអស់។

សូមបញ្ជាក់ថា ៖ ការបង្ក្រាបនេះបើឃាត់ខ្លួនមេខ្លោងបាន អាចដឹងថាអ្នកធំណានៅពីក្រោយខ្នងបនល្បែងអនឡាញទាំងនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖