ខេត្តព្រះសីហនុ ៖ អភិបាលខេត្ត ព្រះសីហនុលោក យន្ត មីន នៅក្នុងដំណើរដឹកនាំកម្លាំងជំនាញចុះពិនិត្យដល់ទីតាំង មួយចំនួនក្នុងតំបន់ដីព្រៃអនុក្រឹត្យលេខ ៧៦ តំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយមានទីតាំងក្នុងសង្កាត់១ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញាបានស្នើ ដល់ប្រជាពលរដ្ឋ និងអ្នកជាប់ពាក់ព័ន្ធបទល្មើសកាប់រានដីព្រៃតំបន់ក្បាលឆាយ ត្រូវបញ្ឈប់សកម្មភាពកាប់ព្រៃរានដីរដ្ឋហាមឃាត់សម្រាប់រក្សាប្រភពទឹកសាបទុកប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុតទៅ ទៀត ។
លោកអភិបាលខេត្តបានអំពាវនាវដល់មន្ត្រីស្ថាប័នពាក់ព័ន្ធ ឬមន្ត្រីរាជការក្រោម ឱវាទខេត្តព្រះសីហនុទាំងអស់ដែលមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសកាប់រានដីអនុក្រឹត្យលេខ៧៦ ត្រូវដកខ្លួនចេញ ពីបទល្មើសនេះ ហើយប្រគល់ដីកាប់រាន នោះជូនរដ្ឋគ្រប់គ្រងវិញ ។
លោកថ្លែងនៅចំពោះមុខប្រជាពលរដ្ឋនៅក្នុងជំនួបកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា លោក យន្ត មីន បញ្ជាក់ថា ចំពោះប្រជាពលរដ្ឋខ្វះដីសង់លំនៅឋានពិតប្រាកដ ហើយមករានយកដីសង់ផ្ទះនៅក្នុងតំបន់រដ្ឋហាមឃាត់នេះអាជ្ញាធរខេត្តមានគោលនយោបាយផ្ដល់ដីសង្គមកិច្ចជូនសម្រាប់សង់ផ្ទះនៅ ទីតាំងផ្សេង ដោយមិនអនុញ្ញាតឲ្យសង់ផ្ទះអនាធិបតេយ្យ និងកាប់រានដីព្រៃនៅក្នុង តំបន់ក្បាលឆាយនេះទៀតទេ ។
ប្រធានមន្ទីរបរិស្ថាន លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរព័ត៌មានលោកឱ សារឿន កម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរ បាលក៏បានចូលរួម ។ ក្នុងនោះលោក សុខ សកល មេបញ្ជាការកងទ័ពតំបន់ប្រតិបត្តិ ការសឹករងខេត្តព្រះសីហនុ ក៏បានដឹកនាំ កម្លាំងចូលរួមក្នុងសកម្មភាពនេះដែរ ។ ក្រោយជំនួបជាមួយអភិបាលខេត្តព្រះ សីហនុ លោក យន្ត មីន ក្រុមប្រជាពលរដ្ឋមួយចំនួនដែលបានសង់ផ្ទះតូចៗ និងចូល ទៅកាប់រានដីព្រៃតំបន់ក្បាលឆាយបាន ស្នើសុំដល់ថ្នាក់ដឹកនាំខេត្តនេះជួយផ្ដល់ដី នៅលើទីតាំងតំបន់ក្បាលឆាយសម្រាប់ សង់លំនៅឋានរស់នៅស្របច្បាប់នៅលើ ទីតាំងកាប់រានជាក់ស្ដែងនេះ ។
អភិបាលខេត្តព្រះសីហនុបានដាក់ឲ្យមន្ត្រី ជំនាញក្រោមឱវាទអនុវត្ត គឺគ្មានអ្នកអនុវត្ត តាមទេ ហើយសកម្មភាពកាប់រានដីអនុក្រឹត្យលេខ៧៦បានបន្តកើតមានទាំងយប់ថ្ងៃ ដោយគ្មានអាជ្ញាធរចុះហាមឃាត់ឡើយ ។ ដី នៅ ក្នុងតំបន់អនុក្រឹត្យលេខ៧៦ដើមឡើយ មានទំហំធំធេង ប៉ុន្តែក្រោយមកមានការ ទន្ទ្រានកាន់កាប់ជាបន្តបន្ទាប់ មានទាំងពល រដ្ឋឈ្មួញមានទ្រព្យ និងអាជ្ញាធរនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួននោះធ្វើឲ្យដីព្រៃអនុក្រឹត្យសម្រាប់រក្សាប្រភពទឹកស្អាតនេះ ត្រូវបាត់បង់ជាបន្តបន្ទាប់ហើយដីព្រៃអនុក្រឹត្យនេះមានអ្នកកាប់ និងមានអ្នកលក់អ្នក ទិញមានដំណើរការជាប្រចាំរហូតមកដល់ពេលនេះ។ ជាងនេះកន្លងមកក៏ឃើញមានរដ្ឋបាលព្រៃឈើ និងកងកម្លាំងមួយចំនួនទៀតបានបង្ហាញវត្តមានការពារដីអនុក្រឹត្យលេខ៧៦តំបន់ ក្បាលឆាយនេះដែរ ប៉ុន្តែ មិនដឹងថាមូលហេតុអ្វីបានជាបទល្មើសកាប់រានដីនេះនៅតែបន្តកើតមានស្ទើររលាយហិនហោចទៅហើយ ។
រាជរដ្ឋាភិបាលកាលពីថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ១៩៩៧ បានចេញអនុក្រឹត្យ លេខ៧៦ ដោយកំណត់ហ៊ុមព័ទ្ធដីនៅតំបន់ក្បាលឆាយ មានទំហំផ្ទៃដីសរុប ៦.២០២ ហិកតា ដោយប្រគល់ភារកិច្ចជូនក្រសួង កសិកម្មជាអ្នកថែរក្សាការពារព្រៃធម្មជាតិ និងដាំឈើនៅតំបន់នេះឡើងវិញ ។
ត្រង់ចំណុចនេះ សម្តេចក្រឡាញហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅក្នុងពិធីប្ដូរតំណែង អភិបាលខេត្តព្រះសីហនុថ្មី លោក យន្ត មីន ដាក់ជំនួសលោក ឈិត សុខុន ដែលគ្រប់អាយុចូលនិវត្តន៍កាលពីថ្ងៃទី៧ ខែ កញ្ញា បានព្រមានធ្ងន់ៗទៅលើមន្ត្រីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធបទល្មើសរំលោភយកដីឆ្នេរសមុទ ្ររំលោភបឹងព្រែកទប់ និង ដីអនុក្រឹត្យលេខ៧៦ ជាដើមឲ្យដកខ្លួននិងប្រគល់ដីរានកាន់កាប់ជូនរដ្ឋវិញ ។ ជាង នេះទៀតសម្តេចក្រឡាហោម ស ខេង បាន ដាក់បទបញ្ជាដល់លោកយន្ត មីន ត្រូវបង្កើនសកម្មភាពការពារដីអនុក្រឹត្យលេខ៧៦ ឲ្យបានគង់វង្ស ។
ជាងនេះទៀត កន្លងមកបទល្មើសកាប់រានដីព្រៃតំបន់ក្បាលឆាយនេះ ក៏មានបុគ្គលមានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តព្រះ សីហនុឃុបឃិតនិងពុះច្រៀកដីអនុក្រឹត្យលេខ៧៦ជាឡូៗ លក់ដូរបន្តទៅឲ្យពលរដ្ឋដោយកាប់បំផ្លាញព្រៃឈើនៅតំបន់ក្បាលឆាយនេះចោល និងសង់ផ្ទះតូចៗនៅលើដី នោះហើយចែកផលប្រយោជន៍ជាមួយ មន្ត្រីថ្នាក់ដឹកនាំស្ថាប័នជំនាញខ្លះក្រោម ឱវាទរដ្ឋបាលខេត្តព្រះសីហនុឲ្យគ្នាទៅវិញទៅមក ៕ ហេង សូរិយា