ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការពារជាតិ៖​ អាមេរិកនឹងផ្តល់ភស្តុភារ និងបច្ចេកទេសនានា បង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីអនុវត្តបទឈប់បាញ់

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា អាមេរិកនឹងជួយផ្នែកភស្តុភារ និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានមួយតាមដានបទឈប់បាញ់រវាងកម្ពុជានឹងថៃឲ្យបានឆាប់បំផុត និងមួយវិញទៀតអាមេរិកក៏នឹងបញ្ចូនប្រព័ន្ធឃ្លាំមើលតាមអាកាស ដើម្បីធ្វើយ៉ាងណាបញ្ជាក់ពីការតាំងចិត្តខ្ពស់ ក្នុងការចូលរួមឲ្យមានសន្តិភាពនៅកម្ពុជាផងដែរ។

លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី សុជាតា បានថ្លែង​ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះថា នៅលើទឹកដីប្រទេសម៉ាឡេស៊ី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា​ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានជួបពិភាក្សាការងារជាមួយមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក និងទូតអាមេរិកប្រចាំនៅម៉ាឡេស៊ី ដោយកិច្ចជំនួបនោះភាគីអាមេរិកបានបញ្ជាក់អំពីជំហររបស់ខ្លួនជាថ្មីថា អាមេរិកគាំទ្របទឈប់បាញ់រវាងកម្ពុជានឹងថៃ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ជាប្រធានប្តូរវេន។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា នៅក្នុងកិច្ចជំនួបជាមួយប្រមុខការពារជាតិកម្ពុជា ទាំងទូតអាមេរិកប្រចាំនៅម៉ាឡេស៊ី ទាំងមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក នឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការអនុវត្តបទឈប់បាញ់រវាងកម្ពុជា នឹងថៃ ដំណើរការទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាពបំផុតផងដែរ។

លោកស្រី​ ម៉ាលី សុជាតា បានបញ្ជាក់ថា«សហរដ្ឋអាមេរិកនឹងចូលរួមគាំទ្រផ្នែកភស្តុភារ និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ានឲ្យបានលឿនបំផុត។ លើសពីនេះទៅទៀតសហរដ្ឋអាមេរិកក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា គ្រឿងបរិក្ខារ ប្រព័ន្ធបញ្ជូនកម្លាំង ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារៈបច្ចេកទេសទំនើបៗជាច្រើនទៀត។ ទាំងនេះជាការបង្ហាញនៃការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួមក្នុងការកសាងឲ្យមានសន្តិភាពកើតឡើងយ៉ាងពិតប្រាកដ»។

គួរបញ្ជាក់ថា ក្រៅពីជួបជាមួយភាគីអាមេរិក ប្រមុខការពារជាតិកម្ពុជាក៏បានជួបពិភាក្សាគ្នាជាថ្មីផងដែរជាមួយមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការសម្របសម្រួលដើម្បីអនុវត្តបទឈប់បាញ់រវាងកម្ពុជា នឹងថៃ ដោយជំរុញឲ្យមានការបង្កើតក្រមប្រតិបត្តិ និងឈានទៅដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនឹងក្លាយទៅជាយន្តការតាមដាននិងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យបានមកវិញនូវសុខសន្តិភាពឲ្យបានឆាប់រហ័សជាទីបំផុតនោះ៕ដោយ​៖តារា​


ចែករំលែក៖