ខេត្តព្រះសីហនុ៖ ស្រ្តីម្នាក់ឈ្មោះ រ៉ែម ផលចាន់លី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិ ស្រែជើងរាស្រ្ត ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលម្នាក់ឈ្មោះ ឡាយ ម៉េងឡាំង ស័ក្តិ៤កន្លះជាមេនគរ បាលព្រហ្មទណ្ឌកម្រិតស្រាលមកពីស្នងការដ្ឋាននគរបាលខេត្តកោះកុងកំពុងតែដឹកនាំបក្ខពួកជាច្រើនមកកាប់ព្រៃរួចដាំដើម ស្វាយ បោះបង្គោលព័ទ្ធបន្លាលួសរំលោភយកដីរដ្ឋជាច្រើនហិកតាដោយបោះតង់ឈរជើងនៅតំបន់ពយម៉ាចូវ ស្ថិតនៅភូមិ គគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។ បើទោះបីជាដីតំបន់នេះត្រូវបាន រដ្ឋដកយកមកគ្រប់គ្រងជាតំបន់គម្របព្រៃឈើការពារដោយអនុក្រឹត្យតាំងពីឆ្នាំ ២០០២មកក៏ដោយ ។
មជ្ឈដ្ឋាននានារួមទាំងអង្គការសង្គម ស៊ីវិលបានប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើនេះ ប៉ុន្តែស្រ្តីរូបនេះមិនខ្លាចជំនាញ ឬអាជ្ញា ធរឡើយបើទោះបីជាលោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានដាក់ស្នាក់ការ សង្កេតការណ៍នៅតំបន់នេះក្តីដែលទំនងជាស្រ្តីរូបនេះអាងប្តីដែលជាឧត្តមសេនីយ៍ផ្កាយ២នៅក្រសួងការពារជាតិឈ្មោះ កង ភិរុណ ផ្នែកអធិការកិច្ចដែលមានវត្តមានឈរកាងប្រចាំការស្ទើរ២៤ម៉ោងក្នុងតំបន់នោះជាខ្នងបង្អែកយ៉ាងរឹងមាំរបស់ខ្លួនហើយ មើលទៅ ។
ចំណែកលោក ឡាយ ម៉េងឡាំង មេ នគរបាលព្រហ្មទណ្ឌខេត្តកោះកុងក៏មិន ធម្មតាដែរដោយបានដើរចោលអង្គភាពនៅឯខេត្តកោះកុងឯណោះនៅពេលថ្មីៗនេះគេឃើញវត្តមានរបស់លោកជាច្រើនថ្ងៃបាននាំបក្ខពួកមកចាប់យកដីរដ្ឋជាច្រើនហិកតាដោយបោះបង្គោលថ្មយ៉ាងរឹងមាំ ដោយគ្មានអ្នកណាហ៊ានធ្វើអ្វីគាត់នោះ ឡើយបើទោះបីជាមានស្នាក់ការសង្កេត ការណ៍នៅជាប់នោះក៏ដោយ។ ប្រការនេះគេគ្រប់គ្នាបានដាក់ការសង្ស័យថា លោកអាចជាសាច់ញាតិរបស់ថ្នាក់ដឹកនាំខេត្តដែលទើបតែផ្លាស់មកពីខេត្តកោះកុងដូចគ្នា ហើយមើលទៅ ។
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្តព្រះសីហនុកន្លងមកបានថ្លែង ប្រាប់អ្នកសារព័ត៌មានថា ដីនៅតំបន់ពយម៉ា ចូវនេះគឺជាដីរដ្ឋ ដូច្នេះនរណាក៏ដោយក៏ មិនអាចមកទិញលក់ដូរ ឬចាប់យកដីនៅ តំបន់នេះយកមកធ្វើជាកម្មសិទ្ធិបានដែរ។ ជាងនេះទៅទៀតលោកបានថ្លែងថា ប្រសិន បើមាននរណាម្នាក់ហ៊ានរំលោភយកដីរដ្ឋនេះប្រាកដជាប្រឈមចំពោះមុខច្បាប់មិនខានឡើយ ។
ជុំវិញបញ្ហានេះប្រជាពលរដ្ឋ អង្គការ សង្គមស៊ីវិលរួមនឹងមន្រ្តីរាជការសំណូមពរថ្នាក់ដឹកនាំអភិបាលខេត្តព្រះសីហនុមេត្តាចាត់វិធានការសមស្របណាមួយឲ្យទាន់ពេលវេលាទៅលើបុគ្គលទាំង២នាក់នេះ ដើម្បីការពារព្រៃនិងដីរដ្ឋនៅតំបន់នេះទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗផង ៕ ឆ្លាមសមុទ្រ