ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Yuji Kummaru ឯកអគ្គរដ្ឋទូតជប៉ុន ជួបសំដែងការគួរសម និងជំរាបលាន្ទាប់ពីលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជាអស់រយៈពេលជាង៣ឆ្នាំមក នេះ។
លោក Yuji Kummaru បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្របេសកកម្មការទូតកន្លងមក ដែលលោកបានសម្រេចការងារយ៉ាងច្រើនក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន បានឈានដល់កំរិតមួយថ្មី។ ក្នុងរយៈកាលកន្លងមកនេះមានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ដូចជាការអញ្ជើញមកបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន Shinzō Abe មកកម្ពុជា និងការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចនៅជប៉ុនជាបន្តបន្ទាប់ជាដើម។
ជាងនេះទៅទៀត កម្ពុជា-ជប៉ុន ក៏បានភ្ជាប់ជើងហោះហើរត្រង់ពីតូក្យូមកភ្នំពេញ នៅក្នុងអាណត្តិបំពេញការទូតរបស់លោកផងដែរ។ លោក Yuji Kummaru បានថ្លែងអំណរគុណសម្តេចតេជោដែលតែងតែទទួលជួបប្រតិភូពីប្រទេសជប៉ុនរួមទាំងខាងរដ្ឋាភិបាលជប៉ុនក្តី និងអ្នកវិនិយោគក្តី ។ ក្រៅពីនេះ លោកបានជំរាបជូនសម្តេចតេជោថារាល់ការរីកចំរើនទាំងនេះបានធ្វើឲ្យប្រទេសទាំងពីរ ពិសេសទំនាក់ទំនងកិច្ចសហប្រតិបត្តិការបានកើនឡើងផងដែរ។ លោក Yuji Kummaru បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ដើម្បីទៅចូលរួមក្នុងវេទិកាអនាគតនៃអាស៊ីដែលរៀបចំនៅប្រទេសជប៉ុន នៅដំណាច់ខែ មិថុនា ឆ្នាំ ២០១៧ ដែលរដ្ឋាភិបាលជប៉ុនចាត់ទុកថាវេទិកានេះ ដូចគ្នានឹងវេទិកាសេដ្ឋកិច្ចពិភពលោកដែរ។
សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវភាពរីករាយចំពោះការរីកចំរើនរវាងប្រទេសទាំងពីរទាំងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការហោះហើរត្រង់មកភ្នំពេញផ្ទាល់ថ្មីៗនេះ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានរីករាយផងដែរចំពោះការទស្សនកិច្ចនៃមេដឹកនាំប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន មានជំនឿថាក្នុងពេលខាងមុខ ទាំងវិនិយោគជប៉ុន ក៏ជាដូចជាទេសចរណ៍ជប៉ុននឹងមានការកើនឡើងបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការងារជាមួយឯកអគ្គរដ្ឋទូតថ្មីនៅពេលចូលមកបំពេញភារកិច្ចបន្ត។
សម្តេចតេជោ ហ៊ុន សែន តែងឆ្លៀតឱកាសជួបជាមួយអ្នកវិនិយោគ និងធុរៈកិច្ចជប៉ុន ជាបន្តបន្ទាប់ ធ្វើយ៉ាងណាឲ្យជប៉ុនចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងការជួយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាយើង។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរលោក Yuji Kummaru ទទួលបាន ជោគជ័យនៅថ្មីៗទៀត៕