ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ៧ឆ្នាំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបនាំខ្លួនជនសង្ស័យ០១នាក់ក្រោយបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ៧ឆ្នាំ។

កិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុ ចាន់ ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅចំណុចកើត ហេតុខាងលើ។ ប្រភពបានឱ្យដឹងថា កាលពីវេលាម៉ោង២៣ និង៤០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តាមបណ្តឹងរបស់ ឈ្មោះ អ៊ុន សុភិន ភេទស្រី អាយុ២៨ឆ្នាំ បន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើកូនស្រីរបស់គាត់ ភេទស្រី អាយុ៧ឆ្នាំ កាលពីវេលាម៉ោង ១៩និង ៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុចក្រុមទី៧ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការ បន្តតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖