ចិនមានគម្រោងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដើម្បីតាមដានរាល់សកម្មភាពនៅក្នុងតំបន់សមុទ្រដែលមានវិវាទនៅសមុទ្រចិនភាគខាងត្បូងនិងសមុទ្រចិនខាងកើត។
នៅពេលនេះចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតនិងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកនៅគ្រប់ទិសទីក្នុងតំបន់សមុទ្រចិនភាគខាងត្បូងនិងភាគខាងកើតដែលកំពុងតែមានវិវាទរវាងចិននឹង
ប្រទេសជិតខាង។
បច្ចុប្បន្នចិនមានយន្តហោះយាមល្បាតប្រភេទ ZC-5B និង ZC-10 ជាប្រភេទបំបាំង កាយអាចគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវ។ យន្តហោះគ្មានមនុស្សបើកប្រភេទ ZC-5B អាចហោះហើរបានម្ងាយ១.៤០០គីឡូម៉ែត្រ និងហោះហើរបានរយៈពេល៣០ ម៉ោង។ គោលដៅគឺការពារផលប្រយោជន៍ របស់ចិន និងតាមដានសកម្មភាពយោធារបស់សត្រូវ ។
ក្រុមអ្នកវិភាគបញ្ជាក់ថា សកម្មភាពខាងលើរបស់ចិនគឺដើម្បីបង្កើនកម្លាំងក្នុងការ
គ្រប់គ្រងដែនសមុទ្រដែលមានវិវាទជាមួយប្រទេសជិតខាង ។ រយៈពេលកន្លងមកចិនបានពង្រឹងសកម្មភាពនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងដោយមានសកម្មភាពយោធាជាច្រើននៅទីនោះក្នុងនោះមានការធ្វើសមយុទ្ធទាហានជើងទឹកជាទ្រង់ទ្រាយធំជាមួយរុស្សុី។ សមយុទ្ធនោះមានឈ្មោះ ថា Joint Sea-2016 គឺជាសមយុទ្ធទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានរវាងចិននឹងរុស្ស៊ី។
យោងតាមសេចក្តីប្រកាសរបស់កងទ័ពជើងទឹកចិនដែលបានបញ្ជាក់បន្ថែមថា សមយុទ្ធនេះមានការចូលរួមពីសំណាក់នាវាចម្បាំង នាវាមុជទឹក ព្រមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿងហើយនៅក្នុងសមយុទ្ធនេះកងទ័ពចិននិងរុស្ស៊ីនឹងធ្វើការហាត់សមពីការធ្វើប្រតិបត្តិការទ័ពរួមគ្នា ទាក់ទងនឹងប្រតិបត្តិការសង្រ្គោះ ការការពារទល់នឹងការវាយប្រហារពីសត្រូវ ប្រតិបត្តិការប្រមាញ់នាវាមុជទឹកសត្រូវ ប្រតិបត្តិការវាយលុកដណ្តើមកាន់កាប់កោះ ព្រមទាំងប្រតិបត្តិការយោធាជាច្រើនផ្សេងទៀត។
ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាសមយុទ្ធដែលធ្វើឡើងនៅក្នុងសមុទ្រចិនខាងត្បូងក្នុងបរិបទនៃជម្លោះដ៏តានតឹងបែបនេះ ចង់ឬមិនចង់ប្រាកដជានឹងធ្វើឲ្យគេសម្លឹងឃើញថា គឺជាការបង្ហាញសាច់ដុំដាក់ប្រទេស ដែលជាប់ជម្លោះ ហើយម្យ៉ាងទៀតការណ៍ដែលចិនចាប់ដៃជាមួយរុស្ស៊ីនៅក្នុងការធ្វើសមយុទ្ធនេះទំនងជាដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកដែលកំពុងតែព្យាយាមចងសម្ពន្ធភាពជាមួយប្រទេសក្នុងតំបន់ដើម្បី មកប្រជែងជាមួយចិន។
ជាទូទៅគេសង្កេតឃើញថា ចិន និង រុស្ស៊ី ដែលសុទ្ធសឹងជាប្រទេសសមាជិកអចិន្រ្តៃយ៍មានសិទ្ធិវ៉េតូក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប តែងតែប្រកាន់ជំហរស្រដៀងគ្នានៅក្នុងសំណុំរឿងអន្តរជាតិធំៗ ហើយទំនាក់ទំនងរវាងប្រទេសទាំង២នេះហាក់ដូចជាមានភាពកាន់តែស្និទ្ធស្នាលខ្លាំងឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្រោយពីចិនមានការប្រឈមមុខខ្លាំងជាមួយអាមេរិកនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ។
ចំណែកឯរុស្ស៊ីក៏មានភាពចម្រូងចម្រាសខ្លាំងជាមួយអាមេរិកនៅក្នុងវិបត្តិអ៊ុយក្រែន និងស៊ីរី៕ ម៉ែវ សាធី