ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសស្រាល នៅក្នុងហេតុការណ៍វ៉ាជែងរថយន្តក្រុងមិនផុត បណ្ដាលឲ្យស្ត្រី ជាភរិយាដែលជិះនៅខាងក្រោយធ្លាក់ពីលើម៉ូតូចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ។
ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅវេលាម៉ោង ១៣ និង ០០នាទី ថ្ងៃទី២៤ កញ្ញា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៤០- ៤១ ស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ឈ្មោះ ប៉ុន ចាន់ថា ភេទស្រី អសយុ៣១ឆ្នាំរស់នៅភូមិសន្ទិចលិច ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ចំណែកអ្នកបើកបរម៉ូតូដែលត្រូវជាប្ដីមានឈ្មោះ ភី កុសល អាយុ ៣៣ឆ្នាំ រងរបួសស្រាល។ រថយន្តក្រុងដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ បើកបរដោយឈ្មោះ ផុន ដា ភេទប្រុស អាយុ២៤ឆ្នាំ។
លោកអធិការបន្តថា មុនពេលកើតហេតុ ម៉ូតូ Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1KC-1005 បានបើកបរស្របទិសគ្នាជាមួយរថយន្តក្រុងប្រភេទ ៤៥ កៅអី ពណ៌ស ពាក់ស្លាកលេខ សៀមរាប 3A-2999។ អ្នកបើកបរម៉ូតូបានព្យាយាមវ៉ាជែងរថយន្តពីខាងឆ្វេង ប៉ុន្តែដោយខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតប៉ះចំតួរថយន្ត បណ្ដាលឲ្យភរិយាដែលជិះនៅពីក្រោយខ្ទាតធ្លាក់ចូលក្រោមកង់រថយន្តកិនស្លាប់យ៉ាងរន្ធត់។
ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍បានចុះទៅវាស់វែង និងបានឃាត់ខ្លួនអ្នកបើកបររថយន្តក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់។ មធ្យោបាយពាក់ព័ន្ធទាំងពីរ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច