ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានទី១ សភាពាណិជ្ជកម្មប៊ុលហ្គារី ផ្តោតការចាប់អារម្មណ៍លេីការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅប្រទេសប៊ុលហ្គារី ជាពិសេសការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជេីញជួបជាមួយ លោក Maxim Behar ប្រធានទី១ សភាពាណិជ្ជកម្មប៊ុលហ្គារី និងជានាយកប្រតិប្រតិ្តក្រុមហ៊ុន M3 Communications Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប លោក Maxim Behar បានសម្តែងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងផ្តោតការចាប់អារម្មណ៍លេីការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅប្រទេសប៊ុលហ្គារី ជាពិសេសការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជា។

ជាការឆ្លេីយតប លោករដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីកសិផលសក្តានុពលរបស់កម្ពុជាជាច្រើនប្រភេទ មានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ដែលជាឱកាសសម្រាប់វិនិយោគិនប៊ុលហ្គារី ក្នុងការចាប់យក សំដៅលើកកម្ពស់ការកែច្នៃ វេចខ្ចប់ ហេីយប្រទេសកម្ពុជាមានក្របខណ្ឌច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រេីន។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានលើកឡើងអំពីសវតានៃព្រឹត្តិការណ៍ CAFE25 ដែលនឹងប្រព្រឹត្តិទៅនៅពេលខាងមុខនេះ ដើម្បីផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករអ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍នានា។

ជាទីបញ្ចប់ លោករដ្ឋលេខាធិការ បានអញ្ជេីញគណៈប្រតិភូ និងវិនិយោគិនប៊ុលហ្គារី ចូលរួមវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ដែលជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់ និងជាវេទិកាប្រវត្តិសាស្រ្តដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕

ដោយ៖តារា


ចែករំលែក៖