ខេត្តបាត់ដំបង៖ នគរបាលស្រុកសំពៅលូនសហការជាមួយកម្លាំងជួរមុខឃាត់ខ្លួនជនសង្ស័យម្នាក់ក់ជាមេខ្យល់នាំពលរដ្ឋឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។
សមត្ថកិច្ចបញ្ជាក់ថាៈ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កាលពីវេលាម៉ោង២២ និង៣០នាទីថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្រុមទី០៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ រួមមាន៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានបង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់ឆ្លងដែន (ពីប្រទេសកម្ពុជាចូលទៅប្រទេសថៃ) ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ឡុង ហុង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពទាក់ទងពលករចំនួន០៣ នាក់៖
១-ឈ្មោះ ទូច រដ្ឋា ហៅ ឌូ ភេទប្រុស អាយុ ២៤ ឆ្នាំ
២-ឈ្មោះ ខាវ ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ
៣-ឈ្មោះ ខំ ភេទប្រុស អាយុ២០ឆ្នាំ ។អ្នកទាំងបីនាក់មានទីលំនៅភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង បាននាំមនុស្សឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ កាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តក្រុមទី០៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ថ្លៃជូនក្នុងម្នាក់ ៥០០ បាត (ប្រាំរយបាត)សរុប១.៥០០ បាត (មួយពាន់ប្រាំរយបាត) ។
នគរបាលនៃអធិការដ្ឋានស្រុកសំពៅលូនបានទទួលជនសង្ស័យចំនួន ០១ នាក់ និងពលករចំនួន ០១ នាក់ពីកម្លាំងជួរមុខ ។ ដោយឡែកពលករចំនួន ០២ នាក់ ទៀតរត់គេចខ្លួនចូលទៅប្រទេសថៃបាត់។
បច្ចុប្បន្នសមត្ថកិច្ចយើងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច