ខេត្តកណ្តាល÷ជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួកចំនួន៧នាក់ ដែលជាមុខសញ្ញាកាប់ប្លន់យកម៉ូតូពីអ្នក ដំណើរពេលយប់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង ០០:៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៦ តុលា ២០២៥។ ជនសង្ស័យទាំងនេះជាប់ពាក់ ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ដែលបានកើត ឡើងកាលពីវេលាម៉ោង ០៣:៤៤នាទីទាបភ្លឺ ថ្ងៃទី២៦ កក្កដា ២០២៥ នៅចំណុចភូមិក្រាំងចេក ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះក្នុង ករណីនេះមានឈ្មោះ ប្រឹម ចាន់ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង។ សម្ភារៈដែលបាត់បង់ម៉ូតូ ១គ្រឿងម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១AU-៦៣៤២។ ចំណែកជន សង្ស័យ ២នាក់ដែលឃាត់ខ្លួនបានឈ្មោះ៖ ខន ណារ៉ូ ហៅហួរភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅខេត្តកំពង់ស្ពឺ,និងសោ វីឡា ភេទប្រុសអាយុ ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅខេត្តកំពង់ស្ពឺ។ ចំពោះជនសង្ស័យ ៥នាក់ទៀតដែលគេចខ្លួន សមត្ថកិច្ចបានស្គាល់ឈ្មោះនិងអាសយដ្ឋានរស់នៅអស់ហើយ។
លោកអធិការបានឲ្យដឹងទៀតថា កាលពីវេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការក្នុងរោងចក្រ (IK) ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមជនសង្ស័យជិះតាមពីក្រោយហើយស្រែកថា “ហ្អែងឈប់ៗ!!” រួចក៏បានធាក់ម៉ូតូជនរងគ្រោះឲ្យដួល និងមានជនសង្ស័យម្នាក់ទៀតស្ទុះទៅកាប់ តែជនរងគ្រោះបានរត់រួច ហើយក្រុមជនសង្ស័យក៏បានលើកយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់។
លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានពាក្យ បណ្ដឹង កាលពីថ្ងៃទី២៦ កក្កដា ២០២៥ លោកបានបញ្ជាកម្លាំងធ្វើការសហការស្រាវជ្រាវមុខសញ្ញារហូតឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យបាន ២នាក់ជាមួយវត្ថុតាងចាប់យកមាន ទូរស័ព្ទ IPhone ១១Prob ចំនួន ២គ្រឿង និងម៉ូតូ ១គ្រឿងម៉ាក NEX ពណ៌ទឹកប្រាក់ (គ្មានផ្លាកលេខ) យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ក្រុមរបស់ខ្លួនធ្លាប់ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូចំនួន ២លើក៖ លើកទី១ នៅថ្ងៃទី២៦ កក្កដា ២០២៥ បានធាក់និងកាប់យកម៉ូតូពីជនរងគ្រោះពិតមែន, និងលើកទី២ កំឡុងខែកញ្ញា ២០២៥ បានធាក់កាប់ប្លន់យកម៉ូតូ ១គ្រឿងម៉ាក Honda Dream C១២៥ ទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច