ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីធ្វើលំហាត់សមជម្លៀសពលរដ្ឋជាង៤០លាននាក់, ពិភពលោកព្រួយបារម្ភពីសង្គ្រាមលោកលើកទី៣

ចែករំលែក៖

គេហទំព័រ Express របស់អង់គ្លេសបានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបង្កឲ្យពិភពលោកកាន់តែព្រួយបារម្ភ ដោយយលថា ប្រទេសនេះបានត្រៀមលក្ខណៈធ្វើសង្គ្រាមលោកលើកទី៣ ដោយប្រទេសនេះ បានចាប់ផ្តើមធ្វើលំហាត់សមជម្លៀសពលរដ្ឋជាង៤០លាននាក់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៤ ខែតុលា។

រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះអាសន្ន រុស្ស៊ីលោក Vladimir Puchkov បានបញ្ជាក់ថា« អាទិភាពរបស់យើងក្នុងពេលធ្វើលំហាត់សមគឺការជម្លៀសពលរដ្ឋ ស្លូតត្រង់ចេញពីតំបន់ ដែលអាចប្រឈមនិងគ្រោះថ្នាក់ខ្លាំងបំផុត » ។

លោក Vladimir Puchkov បានបញ្ជាក់ថា នៅក្នុងលំហាត់ធ្វើសមយុទ្ធដើម្បីវាយតម្លៃពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នឹងមន្ត្រីមូលដ្ឋានថា តើមានសហការគ្នាល្អប៉ុនណា នៅពេលមានគ្រោះអាសន្នកើតឡើង ក៏ដូចជាទីតាំងដែលត្រូវជម្លៀសពលរដ្ឋប្រកបដោយសុវត្ថិភាព ។

ការធ្វើលំហាត់សមបែបនេះ បានធ្វើឡើងជាប្រចាំនៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១២ ហើយតែងតែធ្វើឡើងក្នុងអំឡុងដើមខែតុលា ។

សារព័ត៌មានRT របស់រុស្ស៊ីបានផ្សាយថា ការធ្វើលំហាត់នៅមិនមានអ្វីពិសេសខុសប្រក្រតីនោះឡើយ ។ ប៉ុន្តែសារព័ត៌មាន Express របស់អង់គ្លេសបានផ្សាយថា ទីក្រុងឡុង និងវ៉ាស៊ីនតោនបានយល់ឃើញថា សកម្មភាពខាងលើគឺជា សញ្ញាប្រកាសអាសន្ន ពីសង្គ្រាមដែលអាចកើតឡើងចំពេលអាមេរិកនិងរុស្ស៊ីកំពុងប្រឈមនឹងភាពតានតឹង ដោយសារការមិនចុះសម្រុងគ្នានៅក្នុងសង្គ្រាមប្រទេសស៊ីរី ។

សកម្មភាពរបស់រុស្ស៊ីកាន់តែធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោកព្រួយបារម្ភពីសង្គ្រាមលោកលើកទី៣ ដែលអាចកើតឡើង ក្នុងពេលដែលរុស្ស៊ីបានត្រៀមលក្ខណៈការពារពលរដ្ឋរបស់ខ្លួនគ្រប់ពេលវេលា ។ កន្លងមកថ្មីៗ ប្រធានាធិបតីពូទីនបានចេញបញ្ជាឲ្យសាងសង់ត្រង់សេ ជាទ្រង់ទ្រាយធំសម្រាប់លាក់ខ្លួន ពេលមានសង្គ្រាមកើតឡើង ។ ចំណុចទាំងនោះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ី នឹងប្រទេសមហាអំណាចពិបាកចៀសផុតនៅក្នុងពេលអនាគត់ដ៏ខ្លីខាងមុខ ៕

0-143


ចែករំលែក៖