ខេត្តកណ្តាល ÷ស្ត្រីវ័យចំណាស់ម្នាក់ជិះកង់ឆ្លងផ្លូវក្នុងពេលមេឃងងឹត ត្រូវរថយន្ត០២គ្រឿងបុក បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរណ៍នេះកើតហេតុកាលពីវេលាម៉ោង ១៧និង៥០នាទីថ្ងៃទី ២៨ខែតុលាឆ្នាំ២០២៥នៅលើផ្លូវជាតិលេខ៨ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦-២៧ស្ថិតក្នុងភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីជំនាញចរាចរជើងគោក នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឈួន ផាត អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិឃុំកើតហេតុ (ស្លាប់) ជិះកង់តួស្រីពណ៌ទឹកប្រាក់ ។អ្នកបើកបររថយន្តទាំង០២គ្រឿងត្រូវបានឃាត់ខ្លួន÷ទី១ -ឈ្មោះសៅ ទីនី ភេទប្រុស អាយុ៣៥ឆ្នាំ បើកបររថយន្តម៉ាក PRIUS ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AT- 2964 មានទីលំនៅភូមិព្រៃសំរោងទី១ ឃុំខ្សាច់អណ្តែតស្រុកឆ្លូង ខេត្តក្រចេះ បើកបរក្នុងទិសដៅពីកើត ទៅលិច បានបុកស្ត្រីរងគ្រោះខ្ទាតមកលើផ្លូវ។ បន្ទាប់មកក៏មានរថយន្ត០១គ្រឿងទៀតម៉ាក PRIUS ពណ៌ទឹក មាសពាក់ស្លាកលេខ ភ្នំពេញ2AZ-7735 បើកបរដោយឈ្មោះ ហ៊ាង ស្រីណែត ភេទស្រីអាយុ២៩ឆ្នាំ បើកបរក្នុងទិសដៅពីកើតទីលិច បានកិនលើជើងស្ត្រីរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានត្រួតពិនិត្យ ទៅលើអ្នកបើកបររថយន្តទាំង០២នាក់ គឺមិនមានជាតិអាល់កុល និងមានបណ្ណ័បើកបរត្រឹមត្រូវ និងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ធាននគរបាលស្រុកខ្សាច់កណ្តាល ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ស្រុក សហការជាមួយ បុស្តិ៍នគរបាលព្រែកតាមាក់ បានចុះអន្តរាគមន៍ពិនិត្យវាស់វែងយ៉ាងល្អិតល្អន់។
សពស្ត្រីរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី។ ចំពោះមធ្យោបាយធ្វើដំណើរ ទាំងកង់និងរថយន្តទាំង២គ្រឿងរងការខូចខាតស្រាល បានយកទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីបន្តនិតិវិធី ។
សមត្ថកិច្ចបានសេចក្តីសន្នដ្ធានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺ បណ្តាលមកពីស្ត្រីអ្នកជិះកង់ ជិះឆ្លងផ្លូវនៅពេលមេឃងងឹតពុំ មានភ្លើងបំភ្លឺឱ្យបានត្រឹមត្រូវខ្វះការប្រុងប្រយ័ត្ន ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច