ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានបណ្តាលឲ្យកុមារា សឿន សុវណ្ណ អាយុ១០ឆ្នាំ(កូន)បានស្លាប់ និងលោក សៀន ស៊ុន អាយុ៤៣ឆ្នាំ(ឪពុក)រងរបួសធ្ងន់។
ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ របស់អង្គភាព CMAC បានសន្និដ្ឋានថាគ្រាប់ដែលបង្កផ្ទុះស្លាប់និងរបួសនេះជាគ្រាប់បែកចង្កោមប្រភេទM-85 នៃគ្រាប់កាំភ្លើងធំ១៥៥មម ជាសំណល់យុទ្ធភណ្ឌសង្រ្គាមដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងករណីបានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMAC ដើម្បីបោសសម្អាតគ្រាប់ទាំងនោះ។ សូមទាក់ទងមន្ដ្រីអង្គភាពCMAC ទិសខេត្ដឧត្ដរមានជ័យ៖ ០៩៧ ២០០ ១១ ៤១ និងទិសខេត្ដព្រះវិហារ៖ ០៩៧ ២២២២ ៧៣៥៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច