ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំនៅកម្ពុជា ជំរុញឱ្យមានការពង្រឹងចំណងវប្បធម៌ និងមិត្តភាពរវាងយុវជនកម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធីបើកទិវាបើកទ្វារដោយភាពអធិកអធម ដើម្បីរឹងចំណងមិត្តភាពដែកថែបរវាងប្រជាជនទាំងពីរ ស្របពេលដែលឆ្នាំនេះគឺជា “ឆ្នាំទេសចរណ៍ចិន-កម្ពុជា”។

លោកស្រី ចុង ចៀ តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកថា ការជួបជុំគ្នាបែបនេះអាចនឹងធ្វើឲ្យយើងកាន់តែយល់ច្បាស់ និងទទួលអារម្មណ៍កាន់តែជ្រាលជ្រៅថា ប្រទេសចិន និងកម្ពុជាគឺជាអ្នកជិតខាងល្អ មិត្តល្អ និងបងប្អូនល្អ។

លោកស្រីបញ្ជាក់ថា កម្មវិធីនេះ មានការសម្តែងសិល្បៈបែបចិនផ្សេងៗ បង្ហាញម្ហូបអាហារបែបប្រពៃណីចិន និង ភាពសម្បូរបែបនៃភូមិសាស្ត្រ វប្បធម៌មនុស្ស និងទំនៀមទម្លាប់របស់ប្រទេសចិន តាមរយៈការសរសេរអក្សរផ្ចង់ គំនូរ) និងអាហារឆ្ងាញ់ៗនៅក្នុងទិវាបើកទ្វារនេះ។

លោកស្រីថុង សាវលីង អនុប្រធានសមាគមការទូតសាធារណៈចិនបានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះ ជាការបោះជំហានយ៉ាងសំខាន់ក្នុងការអនុវត្ត “ឆ្នាំទេសចរណ៍ចិន-កម្ពុជា” ឆ្នាំ ២០២៥ ដែលនឹងលើកកម្ពស់ចំណងវប្បធម៌និងទេសចរណ៍ ស្វែងយល់ពីសិល្បៈវប្បធម៌និងបទពិសោធន៍ម្ហូបអាហារបែបប្រពៃណីដែលមានលក្ខណៈពិសេសតាមតំបន់នៃប្រទេសចិន។

ក្រុមយុវជនកម្ពុជាដែលបានចូលរួមក្នុងកម្មវិធីនោះបានបង្ហាញការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងហើយបានអរគុណដល់ភាគីចិនដែលបានរៀបចំឱ្យមានកម្មវិធីបែបនេះឡើង ដើម្បីបើកឱកាសដល់យុវជននៃប្រទេសទាំងពីរកម្ពុជាចិនបានជួបជុំស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា ភ្ញៀវចូលរួមក្នុងកម្មវិធីនេះ មកពី“ផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន” តំណាងសមាគមការទូតសាធារណៈចិន, សហព័ន្ធភោជនីយដ្ឋានចិនពិភពលោក, ក្រុមសិល្បៈចិន, និងសមាគមលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្មម្ហូបអាហារ Chaoshan ក្រុង Shantou!ជាដើម៕

ដោយ៖តារា


ចែករំលែក៖