នៅក្នុងការស្ទង់មតិពលរដ្ឋចិនបានបង្ហាញឲ្យឃើញថា ពលរដ្ឋចិនភាគច្រើនចាត់ទុកអាមេរិកគឺជាការគំរាមកំហែងទីមួយគឺខ្លាំងជាងក្រុមភេរវកម្ម IS ទៅ ទៀត។
តាមការស្ទង់មតិរបស់មជ្ឈមណ្ឌល Pew បង្ហាញឲ្យឃើញថា មានពលរដ្ឋចិន ៤៥ភាគរយនិយាយថា ការគំរាមកំហែងដ៏ធំបំផុតរបស់ចិនគឺអាមេរិកក្នុងនោះមានកម្លាំងយោធានិងឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់។ ចំណុចទាំងនោះខ្ពស់ជាងទាំងការធ្លាក់ចុះនៃវិបត្តិសេដ្ឋកិច្ច ៣៥ភាគរយនិងខ្ពស់ជាងការគំរាមកំហែងពីក្រុមIS ១៥ភាគរយ។ ពលរដ្ឋចិនបានបញ្ជាក់ថា មហាអំណាច ទី១លើពិភពលោកបានព្យាយាម រារំាងចិន ឆ្ពោះទៅមុខក្លាយជាប្រទេសមហាអំណាចដែលមានឥទ្ធិពលស្មើអាមេរិក។
ការស្ទង់មតិធ្វើឡើងក្នុងពេលដែលទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនកំពុង
ប្រឈមមុខដាក់គ្នាលើបញ្ហាវិវាទនៅសមុទ្រចិនភាគខាងត្បូង។ អាមេរិកបានជំរុញឲ្យចិនត្រូវតែគោរពទៅតាមច្បាប់អន្តរជាតិក្នុងពេលដែលទីក្រុងប៉េកាំងចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានជ្រៀតជ្រែកចូលក្នុងតំបន់ធ្វើឲ្យស្ថានភាពកាន់តែតានតឹងខ្លាំងឡើង។ ពលរដ្ឋចិន៧៥ភាគរយបានបញ្ជាក់ថា ទឹកដីរបស់ខ្លួនបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ ។ ក្នុងពេលជាមួយគ្នានោះពលរដ្ឋចិនមួយចំនួនធំក៏បានលើកឡើងថា ចាំបាច់ត្រូវតែធានាដល់ជីវភាពរស់នៅរបស់ពលរដ្ឋជាមុនសិន ទើបអាចបង្កើនឥទ្ធិពលចេញទៅខាងក្រៅ។
ចំពោះបញ្ហាទាំងនោះហើយដែលចោទសួរថាតើពលរដ្ឋចិន គាំទ្របេក្ខភាពណា
មួយរបស់អាមេរិកឲ្យក្លាយជាប្រធានាធិបតីក្នុងចំណោមលោកស្រីហ៊ីលឡារី គ្លីនតុន និងលោកដូណាល់ ត្រាំ? នៅក្នុងការស្ទង់ មតិកាលពីថ្ងៃទី៥ ខែតុលា បង្ហាញឲ្យឃើញ ថា លោកស្រីហ៊ីលឡារី គ្លីនតុន ទទួល បានការពេញចិត្តជាងលោក ដូណាល់ ត្រាំ នៅក្នុងប្រទេសចិន។
នៅក្នុងការស្ទង់មតិរបស់មជ្ឈមណ្ឌល PEW នោះដែរពលរដ្ឋចិន៣៧ភាគរយគាំទ្រ លោកស្រីហ៊ីលឡារី គ្លីនតុន ធ្វើជាប្រធានា ធិបតី ចំណែកលោកដូណាល់ ត្រាំ វិញ មានតែ២២ភាគរយប៉ុណ្ណោះ។
ប្រធានាធបិតីអាមេរិកអាណត្តិក្រោយនេះនឹងត្រូវធ្វើការជាមួយចិនទៅលើបញ្ហាជាច្រើន ក្នុងនោះមានការបម្រែបម្រួលអាកាសធាតុបញ្ហាសមុទ្រចិនភាគខាងត្បូងកម្មវិធីបរមាណូរបស់កូរ៉េខាងជើងជាដើម៕
ម៉ែវ សាធី