ភ្នំពេញ: បន្ទាប់ពីប្រជាពល រដ្ឋជាច្រើនគ្រួសាររស់នៅក្នុង ភូមិដើមអំពិល សង្កាត់ច្បារ អំពៅទី១ ខណ្ឌច្បារអំពៅ ប្រតិកម្មជាមួយខាងអគ្គិសនីកម្ពុជា ដែលហៅកាត់ថា EDC ចុះទៅដកបង្គោលទ្រខ្សែភ្លើងចាស់ដើម្បីដាក់បង្គោលខ្សែ
ភ្លើងថ្មីជុំនួសវិញ តែខុសទីតាំង ចាស់ រួចមកពេលនេះ អាជ្ញាធរខណ្ឌច្បារអំពៅដឹកនាំដោយលោករស់ សុភ័ក្ត អភិបាលរងខណ្ឌបានដឹកនាំកម្លាំងចុះទៅពិនិត្យ និងសម្របសម្រួលដើម្បីរកដំណោះស្រាយ ដែលអាចទទួលយកបានទាំងខាងអាជ្ញាធរ ខាងអគ្គិសនីកម្ពុជា ខាងប្រជាពលរដ្ឋ និងអ្នកដែលរារាំងមិនអោយដាំបង្គោលទ្រខ្សែភ្លើងនៅលើទីតាំងថ្មី ។
លោករស់ សុភ័ក្ត អភិបាលរងខណ្ឌបានអោយដឹង នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ដូច្នេះថា បញ្ហាដែលប្រជាពលរដ្ឋប្រតិកម្មជាមួយខាងក្រុមហ៊ុនអគ្គិសនីកម្ពុជា ចុះទៅដកបង្គោល ភ្លើងចាស់នេះ ដើម្បីដាក់ដាំ បង្គោលថ្មីជំនួសវិញនេះ គឺ ដើម្បីរៀបចំបណ្តាញ ខ្សែ ចរន្តអគ្គិសនីអោយមានសោភ័ណ្ឌភាពនៅតាមបណ្តោយផ្លូវសាធារណៈ ប៉ុន្តែខាងអគ្គិសនីកម្ពុជាមិនអាចដាក់ដាំបង្គោលថ្មីនៅកន្លែងចាស់បានទេ ព្រោះមានប្រព័ន្ធលូបង្ហូរទឹកនៅពីក្រោម ដូច្នេះហើយ ទើបខាង EDC មានផែនការដាក់ដាំបង្គោលទ្រខ្សែនៅកន្លែងថ្មីជំនួសវិញ តែត្រូវបានម្ចាស់ផ្ទះមួយគ្រួសារចេញមករារាំងមិនអោយដាំបង្គោលថ្មីនៅជិតផ្ទះរបស់ខ្លួននោះឡើយ ទើបធ្វើអោយប្រជាពលរដ្ឋជាង១០គ្រួសារ លើកគ្នាមកតវ៉ាប្រតិកម្មជាមួយក្រុមការងារក្រុមហ៊ុនអគ្គិសនីកម្ពុជា ដោយមិនអោយដកបង្គោលភ្លើងចាស់ចេញនោះឡើយ ដរាបណាខាង EDC មិនទាន់ដាក់ដាំបង្គោលភ្លើងថ្មីជំនួសទេនោះ ។
លោកអភិបាលរងខណ្ឌ
បានបន្តថា ប្រតិកម្មរបស់ប្រ ជាពលរដ្ឋនៅក្នុងភូមិដើមអំពិលពាក់ព័ន្ធរឿងបង្គោលទ្រខ្សែភ្លើង អាជ្ញាធរខណ្ឌ នឹង លើកយកមកដោះស្រាយគ្នានៅថ្ងៃច័ន្ទខាងមុខនេះ ដោយ
អញ្ជើញខាងប្រជាពលរដ្ឋ , ខាងមន្ត្រីជំនាញអគ្គិសនីកម្ពុជា , និងម្ចាស់ផ្ទះ១គ្រួសារ ដែលរារាំងមិនអោយខាង EDC ដាក់ដាំបង្គោលថ្មីក្បែរផ្ទះ របស់ខ្លួនហើយធ្វើអោយប្រជាពលរដ្ឋជាច្រើនគ្រួសារប្រតិកម្មនេះ មកប្រជុំដោះស្រាយបញ្ចប់បញ្ហានៅសាលាខណ្ឌច្បារអំពៅ ។
សូមបញ្ជាក់ថា ប្រតិកម្ម របស់ ប្រជាពលរដ្ឋជាច្រើន គ្រួសារពាក់ព័ន្ធនឹងការដកបង្គោលទ្រខ្សែភ្លើងចាស់ តែមិនទាន់ដាក់ដាំបង្គោលទ្រខ្សែភ្លើងថ្មីជំនួសវិញនេះ បានកើតឡើងតាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៦ នៅគ្រាដែលក្រុម ការ ងារខាងEDC មានគំរោងប្តូរទីតាំងដាក់ដាំបង្គោលទ្រខ្សែភ្លើងថ្មីនៅកន្លែងផ្សេង ហើយត្រូវបានប្រជាពលរដ្ឋ១គ្រួសារជាប់សែស្រឡាយអ្នកធំរារាំងមិនអោយដាំបង្គោលថ្មីនៅក្បែរផ្ទះរបស់ខ្លួនទាមទារអោយដាក់ដាំនៅកន្លែងដដែលវិញ ប៉ុន្តែកន្លែងចាស់មិនអាចដាំបាននោះទេ ព្រោះមានប្រព័ន្ធលូបង្ហូរទឹកនៅពីក្រោម ។
ផ្តើមចេញពីគ្រួសារ១ជាប់សែស្រឡាយអ្នកធំរារាំងមិនអោយដាក់ដាំបង្គោលភ្លើងថ្មីនៅក្បែរផ្ទះរបស់ខ្លួននេះហើយ ទើបធ្វើខាងEDC ផ្អាកសកម្មភាពដាំបង្គោលភ្លើងថ្មី បន្ទាប់មកប្រជាពលរដ្ឋជាច្រើនគ្រួសារប្រតិកម្មជាមួយខាងក្រុមហ៊ុនអគ្គិសនីកម្ពុជា និងម្ចាស់ផ្ទះ១គ្រួសារដែលរារាំងដល់ការចុះទៅរៀបចំប្រព័ន្ធខ្សែបណ្តាញអគ្គិសនីថ្មីដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ៕ សណ្តោស